Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំង តាំងពីសម័យសង្រ្គាម ត្រូវបានស្រង់ចេញពីទឹកហើយ នៅខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីនាវាចម្បាំង ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំ និងតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា​ និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរហូតមកដល់ពេលនេះសម្រេច​បាន៩៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅសប្ដាហ៍ទី៣ ខែមីនានេះ ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានផ្ញើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនាថា នៅក្នុងប្រតិបត្តិការរយៈពេល៥ខែកន្លងមក ក្រុមការងារស្រង់បានគ្រាប់កាំភ្លើងយន្ត១២,៧មម ជិត២ម៉ឺនគ្រាប់, គ្រាប់ត្បាល់៦០មមចំនួន៦៥១គ្រាប់, គ្រាប់ត្បាល់៨០មមចំនួន១០៥គ្រាប់, គ្រាប់ផ្លោង១០៥មមចំនួន១០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌទទួលបានពីអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចំនួន១៥៣គ្រាប់ សរុបមានទំងន់ជាង១០តោន រួមទាំងបំណែកឆ្អឹងសពមនុស្ស ព្រមទាំងសម្ភារៈសឹកមួយចំនួនទៀត​ ។

ជាមួយគ្នានេះ សម្រាប់រយៈពេលមួយសប្ដាហ៍កន្លងទៅនេះ របាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថាក្រុមការងារបានបន្តប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌទាន់ផ្ទុះបានចំនួន៧៥៧គីឡូក្រាមបន្ថែមទៀត ធ្វើឱ្យបេសកម្មក្រុមការងារសម្រេចបានលទ្ធផល​៩៥ភាគរយហើយ។

ដោយឡែកនៅមានវត្តមានគ្រាប់មួយចំនួនទៀតនៅតំបន់ជុំវិញនាវានឹងត្រូវបន្តស្រង់ជាបន្តបន្ទាប់ទៀត ដែលតាមគម្រោងកិច្ចប្រតិបត្តិការនេះ នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងសប្ដាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១នេះហើយ​ ។
ជុំវិញកិច្ចដំណើរការឈានទៅស្រង់នាវាដែលលិចពីបាត​ទន្លេឡើងមកលើគោក ឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារអន្តរក្រសួងបានបន្តរាយការណ៍ជូនសម្ដេចក្រឡាហោមអំពីលទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមីនា ដែលមានការចូលរួមពីឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែ​ស្វយ័តភ្នំពេញដើម្បីស្វែងរកជំនួយបច្ចេកទេស ផ្លាស់ប្ដូរយោបល់ និងរកឧបករណ៍ប្រតិបត្តិការពីកំពង់ផែស្វយ័តភ្នំពេញ រហូតឈានទៅកំណត់កាលបរិច្ឆេទ នៃកិច្ចប្រតិបត្តិការចុងក្រោយដូចខាងក្រោម៖

  • នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ភារៈ និងអ្នកជំនាញមុជទឹកនឹងចងស្រាក់នាវាចូលដល់ការដ្ឋានដោយអនុវត្តបច្ចេកទេសបុរាណ និងប្រើកម្លាំងមនុស្ស។
  • នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ចាប់ផ្ដើមអនុវត្តការងារក្រោមទឹកដើម្បីចងរឹតនាវាមុននឹងស្រង់ឡើងគោក។
  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ចូលរួមប្រជុំរវាងក្រុមការងារ​បច្ចេកទេសកំពង់ផែស្វយ័តភ្នំពេញជាមួយមេបញ្ជាការកង ដើម្បីធ្វើបទបង្ហាញពីស្ថានភាពនាវាក្រោមទឹក និងស្វែងរកបច្ចេកទេសបន្ថែម​ ។
  • នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឧបករណ៍ស្ទូចចំណុះ​៣០០តោនរបស់កំពង់ផែស្វយ័តភ្នំពេញនឹងចល័តទៅកាន់ការដ្ឋាន​ ។
  • នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កិច្ចការងារក្រោមទឹក ចងរឹត និងស្រាក់ខ្សែនាវារួចរាល់។
  • ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អនុវត្តលើកស្ទូចសាកល្បង ដោយប្រើបច្ចេកទេសបុរាណ និងឧបករណ៍បច្ចេកទេសទំនើបរួមបញ្ចូលគ្នា។
  • ថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២១ គ្រោងនឹងរៀបចំកម្មវិធីស្រង់នាវាជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផែនការនេះនឹងមានការប្រែប្រួលតាមកម្មវិធីជាក់ស្ដែង។

ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត ក៏បានរាយការណ៍ជូនសម្ដេចក្រឡាហោម អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការបោស​សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងទន្លេ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលជាការដ្ឋានទី២​ផងដែរ ក្នុងនោះការដ្ឋានបានប្រើប្រាស់កម្លាំងប្រតិបត្តិការសរុប៣៣នាក់ និងមធ្យោបាយ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ការដ្ឋានទី២នេះបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៥ ខែមីនា និងមានវិសាលភាព៦ហិកតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិត​នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងកំណត់ឱ្យធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងអញ្ជើញទៅពិនិត្យទីតាំងប្រតិបត្តិការ និងជួបសំណេះ​សំណាល​ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការ កាលពីថ្ងៃទី១២ ខែកម្ភៈ កន្លងទៅ ហើយបន្ទាប់មក​នៅថ្ងៃទី១៣ ខែមីនា កន្លងទៅ សម្ដេចក្រឡាហោម ក៏បានចាត់តាំងឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ដឹកនាំសហការីចុះសួរសុខទុក្ខ និងផ្ដល់ជូនប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងប្រតិបត្តិការជាក់ស្ដែងក្នុង១ខែ១លានរៀលចាប់ពីខែមីនា រហូតបញ្ចប់ប្រតិបត្តិការនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួររម្លឹកដែរថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្រេចបន្ថែមសមាសភាព​សមាជិកក្រុមការងារមួយចំនួនទៀតដែលតាមរយៈសេចក្ដី​សម្រេចចុងក្រោយនោះ កិច្ចប្រតិបត្តិការក្រុមការងារអន្តរ​ ក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀត រួមមានស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×