ភ្នំពេញ : ការបៀតបៀន តាមប្រព័ន្ធអនឡាញ ទៅលើអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា មានរហូតដល់ទៅ២៦% ដែលនៅក្នុងនោះ កុមារគឺជាជនដែលងាយរងគ្រោះជាងគេ។ ការបៀតបៀនទាំងនេះ មានដូចជា ការគំរាមកំហែង ការបៀតបៀនផ្លូវភេទ និងការជួញដូរនៅលើប្រព័ន្ធទាំងអស់នេះជាដើម។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កុមារជាបុគ្គលក្រោមអាយុ១៨ឆ្នាំ, កុមារដែលស្ថិតក្នុងវ័យជំទង់ ងាយនឹងត្រូវបានជនល្មើស កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ តាមរយៈការប្រើប្រាស់វិធី សាស្ត្រដូចជា ៖
ដំណាក់កាលទី១ ដោយប្រើពាក្យសំដីលួងលោម៖ ឧទាហរណ៍ បង ស្រឡាញ់អូនណាស់។
ដំណាក់កាលទី២ បញ្ជាក់សេចក្តីស្រឡាញ់៖ ឧទាហរណ៍ ផ្ញើរូបថតស៊ិចស៊ី ឬរូបភាពអាក្រាតកាយ ឲ្យឃើញមុខមាត់របស់ជនរងគ្រោះ។
ដំណាក់កាលទី៣ គម្រាមកំហែង៖ ឧទាហរណ៍ ជនល្មើសនឹងយករូបរបស់អ្នក មកគម្រាមបង្ហោះជាសាធារណៈ ដើម្បីគម្រាមយកលុយ ឬឲ្យធ្វើអ្វីលើសពីនេះទៀត។
ឯកឧត្តម ជា វ៉ាន់ដេត បានណែនាំថា សូមប្រុងប្រយ័ត្នកុំចាញ់បោកពាក្យលួងលោម និងសូមជួយផ្ញើសារនេះ ដើម្បីដាស់តឿន មិត្តនារី ឬបុរស កូនស្រី ប្រុស របស់លោក លោកស្រី កុំឲ្យចាញ់បោកការលួងលោម ទាំង នេះ។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុវត្ថិភាពកុមារ តាមប្រព័ន្ធអ៊ីធឺណិត ក្នុងនោះឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងកុមារខ្លួនឯងផ្ទាល់ ក៏មានចំណែកចូលរួមសំខាន់ ក្នុងការធ្វើឲ្យការការពារនេះ កាន់តែមានប្រសិទ្ធភាព។
សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook «គិតគូរកូន» និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសូមទាក់ទងមកលេខទូរស័ព្ទ 092 311 511 ឬ www.internethotlinecambodia.org ដើម្បីរាយការណ៍ប្រសិនបើ អ្នកជួបប្រទះករណីកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ៕
រក្សាសិទ្ធិដោយ ៖ CEN