ក្រុមគ្រូពេទ្យជំនាញ និងមន្ត្រីអាជ្ញាធរឆ្លើយតបបន្ទាន់ បានឲ្យដឹងថា គិតត្រឹមយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលត្រូវធ្វើឱ្យអាជ្ញាធរ ចេញអំពាវនាវបន្ថែមទៀតដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅផ្ដល់សំណាកជាបន្ទាន់ថែមទៀត សម្រាប់អ្នកដែលមិនទាន់បានទៅផ្ដល់។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅក្នុងផ្សារអូរឫស្សីមក គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេ សរុបជាង ១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ពេលនេះបន្ថែមអ្នកឆ្លងជាង ៥០នាក់ទៀតហើយ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងគ្នាដោយផ្ទាល់ និងនៅក្បែរគ្នា រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩នៅផ្សារមួយនេះ មានការថមថយវិញ។ ការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូរពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់៕
រក្សាសិទ្ធិ : ពិសិដ្ឋ CEN


