បារាំង ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រីនិងក្មេងស្រី» ដឹកនាំដោយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF។ អង្គប្រជុំបានពិនិត្យមើលលទ្ធផលនៃការអនុវត្តមូលនិធិសម្រាប់ឆ្នាំទី៦ (២០២៥) ព្រមទាំងពិភាក្សាទៅលើការកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម លុយ ដាវីត បានថ្លែងបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០.០០០ នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងបន្តទៀតថា នៅក្នុងក្របខណ្ឌនៃការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ កម្ពុជាបានស្នើឱ្យអង្គការ OIF ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តីនិងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






