ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា : ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះនៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាងខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈ ទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់ លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ
ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀត ខ្ញុំរៀបការកូន៥នាក់ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី





