ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសស គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនទីមួយលាននោះ គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ។
ក្រសួងសុខាភិបាល បញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងបានរកឃើញ ជនទី១លាន ដែលបានទទួលវ៉ាក់សាំង គឺលោក ប៉ាន់ សវុណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈមនុស្សដំបូងគេបំផុត នៅកម្ពុជា ដែលទទួលវ៉ាក់សាំង គឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ិន សែន។
លោក ប៉ាន់ សុវណ្ណរិទ្ធិ បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ វេលាម៉ោង ១០ព្រឹកថ្ងៃទី១១ ខែមេសានេះ។
បើតាមតួលេខរបស់ក្រសួង ដែលទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំង ÷
- ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៧៩,៨២៦នាក់។
- ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣៨,៧៧៩នាក់។
- សរុបចំនួន៖ ១,០១៨,៦០៥នាក់។
អ្វីដែលពិសេសទៅទៀតនោះ គឺ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ថវិកា៥លានរៀល ជូនដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលជា ជនទី១លាន ក្នុងការ ចាក់វ៉ាក់សាំង ហើយថវិកានេះ សូមទៅទទួលយកពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ស្របពេលជាមួយគ្នានេះ លោកស្រី លី អាយឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បាន អបអរសាទរ ចំពោះកម្ពុជាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនប្រជាជនបាន ១លាននាក់, ដោយលោកស្រី ថ្លែងថា សូមអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យដ៏អស្ចារ្យ ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩។
ជាក្តីរីករាយមួយ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រជាជនកម្ពុជាទាំងបុគ្គលិក ថែទាំសុខភាព មន្ត្រីរាជការ និងក្រុមមនុស្សចាស់ បានទទួលការចាក់វ៉ាក់សាំងចំនួន ១ លាននាក់៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN



