ភ្នំពេញ ៖ លោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា នៅថ្ងៃទី១៦ខែមេសានេះ បានឲ្យដឹងថា ក្នុងឱកាសខែបួសរ៉ម៉ាឌនរបស់សាសនិកឥស្លាមនេះ សូមសាសនិកឥស្លាមទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមរម្លឹកដល់សាសនិកឥស្លាមថា ព្រឹត្តិការណ៍សហគម៍ ២០កុម្ភៈ មេរោគកូវីស-១៩ នៅតែបន្តឆ្លងនិងរាតត្បាតក្នុងសហគមន៍ និងទីប្រជុំជននានាជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ដូច្នេះ ការប្រតិបត្តិសឡាតតារ៉វែស (ថ្វាយបង្គំខែរ៉ម៉ាឌន) ការជួបជុំសឡាតជំអាត (ថ្វាយបង្គំថ្ងៃសុក្រ) ការស្រាយបួសជាក្រុម និងការសឡាតរួមគ្នានានាតាមម៉ាស្ជិទ និងស៊ូរ៉ាវនៅតែបន្តផ្អាក រហូតមានសេចក្តីជូនដំណឹងជាថ្មី។
ក្នុងន័យនេះ សូមសាសនិកឥស្លាមមេត្តាយោគយល់ និងអនុវត្តសឡាត និងធ្វើការស្រាយបួសនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយសូមមេត្តារួមគ្នាសហការអនុវត្តវិធានការការពារនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងមេរោគកូវីដ-១៩បន្តក្នុងសហគមន៍យើង។
លោកឧកញ៉ា សុះ កំរី សង្ឃឹមថា ដោយពើរ៉កាត់ និងរ៉ោះម៉ាត់ នៃខែរ៉ម៉ាឌនដ៏ពិសិដ្ឋនេះ អល់ឡោះតាអាឡានឹងទទួលយកការទូអាបួងសួង និងទទួលយកអុីប៉ាដាត់បួសរ៉ម៉ាឌនរបស់យើងទាំងអស់គ្នា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





