Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំអាជ្ញាធរ និងសមត្ថកិច្ចបើកទូលាយ ចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត
ការសម្រេចរបស់រាជរដ្ឋាភិបាល ជុំវិញការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃនេះ ឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានិងការអនុវត្តសេចក្តីសម្រេចនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវបើកទូលាយឲ្យបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់
សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ។

ការណែនាំបែបនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការ បិទខ្ទប់រាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាព។

លោកឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញ មានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀត នៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន៩ទីតាំង និងចំនួន២៨ទៀត នៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំង ដែលគណៈបញ្ជាការឯកភាព និងកងកម្លាំងប្រដាប់អាវុធ បានដាក់ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ ដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេច របស់រាជរដ្ឋាភិបាល ជុំវិញការបិទខ្ទប់រាជធានីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើកនិងខ្វះទេ ។ ចំពោះការដឹកទំនិញ ដែលយើងឃើញថា ជាគ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវឲ្យគាត់ធ្វើដំណើរចេញចូល ទៅតាមសម្រួលទៅ។

លោកឃួង ស្រេង ក៏បានធ្វើការណែនាំ ទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ ដែលយើងបានបិទខ្ទប់ ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ច ត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។

លោកបញ្ជាក់ថា បើសិនជាបងប្អូន ដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពាន ទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកបងប្អូន ដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័ក នៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×