ខេត្តខេត្តកណ្តាល ៖ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាឲ្យផ្អាកបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣ថ្ងៃសិន គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
ការប្រកាសផ្អាកបណ្តោះអាសន្ន រយៈពេល៣ថ្ងៃនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម អភិបាល ខេត្តកណ្តាល ចុះដឹកនាំបញ្ជាផ្ទាល់ ដល់ក្រុមគ្រូពេទ្យ ដែលបាននឹងកំពុងដំណើរការចាក់វ៉ាក់សាំង ជូនដល់មន្ត្រី រាជការ ប្រជាពលរដ្ឋទាំងដូសលើកទី១ និងដូសលើកទី២ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ នាថ្ងៃទី១៧មេសានេះ។
នៅចំពោះមុខ ក្រុមគ្រូពេទ្យ នៅទីនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាផ្ទាល់ ដល់អនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំង ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់មូលដ្ឋាន ក្រុង ស្រុក ត្រូវផ្អាកការចាក់វ៉ាក់សាំងបណ្តោះអាសន្នសិន នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងនៅទូទាំងខេត្តកណ្តាល រយៈពេល៣ថ្ងៃគឺចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩មេសា ហើយតាមផែនការគ្រោងទុក ការចាក់វ៉ាក់សាំង និងដំណើរការឡើងវិញ នៅថ្ងៃទី២០មេសា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









