ក.ក.ន : អស់លោកអ្នកអានរបស់ CEN ជាទីគោរព ថ្ងៃ១៧ មេសា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៤៦នៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ដែលបានរុញច្រានប្រទេសកម្ពុជាធ្លាក់ក្នុងរណ្តៅមរណៈ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧មេសា ១៩៧៥-១៧មេសា ២០២១)។
ក្នុងឱកាសនេះ ដើម្បីរំលឹកឡើងវិញពីអនុស្សាវរីយ៍ដ៏គួរឲ្យឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា គេហទំព័រ Cambodia Express News (CEN) សូមដកស្រង់ផ្នែកមួយដ៏សំខាន់ដែលលាក់បន្លំក្នុងរឿងមហន្តរាយដ៏ធំធេងបណ្តាលមកពីរបបប្រល័យពូជសាសន៍ និងត្រូវបានសរសេរដោយអ្នកសារព័ត៌មានអង់គ្លេសដ៏ល្បីល្បាញពីររូបដែលលោកបានមកប្រទេសកម្ពុជានាឆ្នាំ១៩៨១ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ កាលនោះមានសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

នៅក្នុងសៀវភៅដែលនិពន្ធដោយអ្នកសារព័ត៌មានទាំងពីររូបខាងលើ គឺលោក ថម ហ្វាសស្រព និងអ្នកស្រី ហេឡែនផារីស មានចំណងជើងថា “មេដឹកនាំខ្មែរក្រហមគេចវេះពីបទប្រល័យពូជសាសន៍” និងឯកសាររបស់មជ្ឍមណ្ឌលឯកសារកម្ពុជា (DCCAM) ដែលមានលោក ឆាំង យុ ជាប្រធានមជ្ឈមណ្ឌលឯកសារនេះ។
សូមអញ្ជើញអាន និងទស្សនារូបភាពដែលលាក់បន្លំ និងបទឧក្រិដ្ឋដូចតទៅ៖
នៅក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលខ្មែរក្រហមកាន់អំណាច គេបានប៉ាន់ស្មានថា ប្រជាជនប្រមាណ២លាននាក់ បានបាត់បង់ជីវិញដែលត្រូវជាជាង១ភាគ៤ នៃចំនួនប្រជាជនសរុប។ អ្នកខ្លះស្លាប់ដោយសារទារុណកម្ម ឬការសម្លាប់យ៉ាងសាហាវ ចំណែកអ្នកខ្លះទៀតស្លាប់ដោយសារការខ្វះខាតអាហារបរិភោគ និងជំងឺដែលមិនមានការព្យាបាល។
នៅក្នុងចំណោមប្រជាជនដែលស្លាប់ បរិមាណនៃការស្លាប់គឺខុសៗគ្នានៅក្នុងក្រុមផ្សេងៗ។ តួលេខសរុបអំពីចំនួនមនុស្សស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យដែលផ្តល់ឲ្យដោយប្រវត្តិវិទូ ប៊ែន ឃៀរនិន បានបង្ហាញថា នៅក្នុងចំណោមអ្នកស្លាប់មាន២៩ភាគរយនៃ ”ប្រជាជនថ្មី” មកពីទីក្រុង និងតំបន់ដែលទើបតែកាន់កាប់ថ្មីៗដោយខ្មែរក្រហម និង ១៦ភាគរយនៃ “ប្រជាជនមូលដ្ឋាន”។ ច្រើនជាងពាក់កណ្តាលនៃក្រុមជនជាតិភាគតិចមួយចំនួនបានទទួលរងគ្រោះ ដែលក្នុងនោះស្ទើរតែ១០០ភាគរយនៃជនជាតិវៀតណាមដែលនៅសេសសល់ក្នុងប្រទេសត្រូវបានសម្លាប់។
ចំណែកជនជាតិភាគតិចផ្សេងៗទៀតក៏រងគ្រោះយ៉ាងដំណំដែរ៖ ជនភាគតិចចិន (៥០ភាគរយ) ជនភាគតិចថៃ និងឡាវ (ម្នាក់ៗ ៤០ភាគរយ) និងជនភាគតិចចាម (៣៦ភាគរយ) ជនជាតខ្មែរ និងកុលសម្ព័ន្ធភ្នំ រងគ្រោះស្រាលជាងគេ បើប្រៀបធៀបនឹងជនជាតិដទៃ ប៉ុន្តែនៅតែបាត់បង់ជីវិត១៥ភាគរយនៃចំនួនប្រជាជនសរុបរបស់ក្រុមនីមួយៗដែរ។
នៅក្នុងចំណោមប្រជាជនទីក្រុង ចំនួនមនុស្សស្លាប់ភាគច្រើនជាអ្នកវិជ្ជាជីវៈ និងអ្នកចេះដឹង (ដែលភាគច្រើនហៅថា បញ្ញវន្ត) គឺមានកម្រិតខ្ពស់ បើទោះបីជាគួរឲ្យកត់សម្គាល់ថា អ្នកវិជ្ជាជីវៈជាច្រើននៅសល់ជីវិតបានភៀសខ្លួនទៅប្រទេសផ្សេងទៀតក៏ដោយ។ នៅក្នុងចំណោមវេជ្ជបណ្ឌិតដែលតាមស្មានប្រហែលជា៤៥០នាក់ នៅក្នុងប្រទេសកម្ពុជាកាលពីដើមទសវត្សរ៍៧០ មានតែ៤៣នាក់ប៉ុណ្ណោះដែលនៅសល់ក្នុងប្រទេសបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយមានតែមេធាវី៧រូបប៉ុណ្ណោះដែលត្រូវបានរាយការណ៍ថា រស់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍មួយដែលបានធ្វើកាលពីខែកញ្ញា ឆ្នាំ១៩៨៣ បានផ្តល់តួលេខអំពីអ្នកស្លាប់ដូចខាងក្រោមនេះ៖ វេជ្ជបណ្ឌិត ឱសថការី និងទន្តបណ្ឌិតចំនួន ៥៩៤នាក់ មេធាវី និងសាស្ត្រាចារ្យចំនួន ៦៧៥នាក់ គ្រូបង្រៀនចំនួន ១៨០០០ សិស្ស និងនិស្សិតចំនួន ១០៥៥០ នាក់ អ្នកកាសែតចំនួន១៩១នាក់ និងសិល្បករចំនួន ១១២០ នាក់។ នៅក្នុងជួរព្រះសង្ឈក៏មានការសម្លាប់ច្រើនដែរ។
របាយការណ៍ដដែលនោះបានរាយការណ៍ថា ព្រះសង្ឈចំនួន ២៥១៦៨អង្គ ត្រូវបានសម្លាប់ និងជាច្រើនអង្គទៀតសុគតដោយសារជងឺ និងការខ្វះខាតចង្ហាន់។ នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ មានព្រះសង្ឈប្រមាណជា៥ម៉ឺនអង្គ ហើយនៅក្នុងចំណោមនេះព្រះសង្ឈតែប្រមាណ ៨០០ ទៅ ១០០០ អង្គប៉ុណ្ណោះ ដែលត្រឡប់មកកាន់វត្តអារាមរបស់ប្រទេសកម្ពុជាវិញ ចំណែកព្រះសង្ឈដែលរួចជីវិតដទៃទៀតបានភៀសព្រះកាយទៅកាន់ជំរំភៀសខ្លួននៅក្នុងប្រទេសថៃ។
កេរ្តិ៍ដំណែលរបស់របបវាលពិឃាតនេះនៅតែញាំញីកម្ពុជារហូតដល់សព្វថ្ងៃនេះ។
ឧក្រិដ្ឋកម្មក្នុងរយៈកម្ពុជាប្រជាធិបតេយ្យ គឺជាសោកនាដកម្មរបស់មនុស្សជាតិដ៏អាក្រក់បំផុតមួយក្នុងចំណោមសោកនាដកម្មទាំងឡាយនាសតវត្សរ៍ទី២០។ របបនេះបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ២លាននាក់ ហើយបន្សល់ទុកនូវស្ត្រីមេម៉ាយ និងកុមារកំព្រារាប់រយពាន់នាក់។ ប្រជាជនខ្មែររាប់សែននាក់បានរត់ចេញពីប្រទេស ហើយបានក្លាយជាជនភៀសខ្លួន។ គ្រាប់មីនរាប់លានគ្រាប់ត្រូវបានបង្កប់ដោយកងទ័ពខ្មែរក្រហម និងកងកម្លាំងរបស់រដ្ឋាភិបាលដែលបានបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងពិការចាប់តាំងពីទសវត្សរ៍១៩៨០រហូតមក។
ប្រជាពលរដ្ឋខ្មែរជាច្រើនមានបញ្ហាជំងឺផ្លូវចិត្ត ដោយសារតែការបាត់បង់សមាជិកគ្រួសារ ដែលធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្តយ៉ាងខ្លាំង។ កត្តាទាំងអស់នេះហើយជាមូលហេតុចម្បងមួយដែលនាំឲ្យមានភាពក្រីក្រក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
មេដឹកនាំខ្មែរក្រហមទាំងអស់មានគំនិតជ្រុលនិយមហួសហេតុទទួលយកពីមនោគមវិជ្ជាកុម្មុយនីស្តឆ្វេងនិយមដាច់ខាត។ មេដឹកនាំទាំងនោះ បានបង្កើតឡើងនូវគោលនយោបាយជាច្រើនដែលប្រមាថជីវិតមនុស្ស និងបានធ្វើទុក្ខបុកម្នេញ និងសម្លាប់រង្គាលប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ មេដឹកនាំខ្មែរក្រហមនាំងនេះយល់ឃើញថា បដិវត្តន៍របស់ខ្លួន គឺជាផ្លូវតែមួយគត់ដែលអាចនាំកម្ពុជាទៅកាន់ឯករាជ្យភាព និងសមភាពសង្គម។
មេដឹកនាំខ្មែរក្រហមទាំងនេះ បានអះអាងថា បដិវត្តន៍របស់ខ្លួនមិនបានយកគំរូមតាមនោគមវិជ្ជាខាងក្រៅណាមួយនោះទេ ទោះបីជាខ្លួនពិតជាបានចម្លងតាមមនោគមវិជ្ជារបស់អតីតសហភាពសូវៀត និងចិន ដូចជាសមូហភាវូបនីយកម្ម ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន ផែនការបួនឆ្នាំ និងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យក៏ដោយ។
ខ្មែរក្រហមមិនឲ្យតម្លៃទៅលើការសិក្សានៅតាមសាលាទេ។ មានតែមេដឹកនាំខ្មែរក្រហមមួយចំនួនតូចប៉ុណ្ណោះដែលមានកម្រិតវប្បធម៌ខ្ពស់ ហើយក្រៅពីនេះសុទ្ធតែជាមនុស្សដែលគ្មានបទពិសោធន៍ក្នុងការដឹកនាំរដ្ឋ។
កម្មាភិបាលថ្នាក់ក្រោម ភាគច្រើនជាមនុស្សមិនចេះអក្សរ ឬចេះអាន និងចេះសរសេរបានបន្តិចបន្តួច។ ទោះជាមានឧបសគ្គយ៉ាងណាក្តី ក៏ខ្មែរក្រហមតែងតែមានមហិច្ឆតាចង់សម្រេចកិច្ចការធំក្នុងរយៈពេលដ៏ខ្លីដោយមិនបានពិចារណាអំពីធនធានដែលមាន ឬលទ្ធផលដែលចេញមកពីគោលនយោបាយទាំងនេះឡើយ។ ក្នុងន័យនេះ ខ្មែរក្រហមបានប្រែក្លាយប្រទេសទាំងមូលទៅជាវាលស្រែ ហើយប្រែក្លាយប្រជាជនទាំងអស់ឲ្យទៅជាកសិករ និងជាអ្នកទោសរបស់អង្គការ។
សិទ្ធិ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាជន មិនត្រូវបានយកចិត្តទុកដាក់។ ទ្រព្យសម្បត្តិឯកជនត្រូវបានរឹបអូស។ សាសនា ក្រដាសប្រាក់ និងប្រពៃណីទំនៀមទម្លាប់បានក្លាយទៅជារបស់ឥតប្រយោជន៍។ ទំនាក់ទំនងជាមួយអន្តរជាតិស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុង។ របបនេះមិនអនុញ្ញាតឲ្យមានការរិះគន់ចំពោះថ្នាក់ដឹកនាំ ឬគោលនយោបាយរបស់ជាតិ សូម្បីតែបន្តិចបន្តួចក៏ដោយ។ ខ្មែរក្រហមបានចាត់ទុកអ្នកចេះដឹង អ្នករដ្ឋការរបបចាស់និងអ្នកដែលប្រឆាំងនឹងនយោបាយរបស់ខ្លួនថា ជាសត្រូវរបស់រដ្ឋ ឬជាជនក្បត់បដិវត្តន៍ ដែលត្រូវតែកម្ទេចចោល។ មិនមានការលើកលែងទោស ហើយក៏មិនមានការផ្សះផ្សាជាតិដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមបានប្រែក្លាយប្រទេសឲ្យទៅជាជំរំឃុំឃាំងដ៏ធំមួយ ដែលក្រោយមកបានក្លាយទៅជាផ្នូររបស់ប្រជាជនខ្មែរជិត២លាននាក់ ដែលរួមបញ្ចូលទាំងកម្មាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនមួយចំនួនផង។
ឧក្រិដ្ឋកម្មដូចបានរៀបរាប់ខាងលើនេះ ត្រូវបានបញ្ចប់ទាំងស្រុងដោយកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ហ៊ុន សែន ដោយមានការជួយគាំទ្រពី កម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅក្បែរខាងកម្ពុជា រហូតទទួលបានជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕ មជ្ឈមណ្ឌលព័ត៌មាន CEN























