ភ្នំពេញ ៖ អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺព្រេមៀសេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីចាត់ចែងសម្រាប់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។
លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួនពី១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅព្រឹកមិញនេះ(១៨មេសា) លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ នៅពេលរសៀលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺព្រេមៀសេនធ័រសែនសុខ។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅវិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់អ្នកឧកញ៉ា ពុង ឃាវ សែ ចំនួន ៨០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






