បន្ទាយមានជ័យ ៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដែលលួចដឹកមាន់រស់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយគ្មានច្បាប់។
បើទោះបីជា កន្លងទៅ ញឹកញាប់ នៅតាមព្រំដែន សមត្ថកិច្ច និងមន្ត្រីបសុពេទ្យ តែងតែយាមកាមនិងធ្វើការបង្ក្រាប ព្រមទាំងឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទា យ៉ាងណាក៏ដោយ ក៏ឈ្មួញ នៅ តែ មានការលួចនាំចូលយ៉ាងគគ្លើន។ ប្រភពព័ត៌មាន ដែលយើងទទួលបាន បានឱ្យដឹងថា សត្វមាន់រស់ទាំងអស់ខាងលើ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចរាចរណ៍សត្វបក្សី គ្មានច្បាប់អនុញ្ញាត លោកបានសហការជាមួយនគរបាលស្រុកអូជ្រៅ ធ្វើការស្ទាក់ឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2F-3428 ដែលកំពុងផ្ទុកមាន់រស់ ជាច្រើនក្បាល យកមកការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ។
លោកបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកទៅពិនិត្យមើល ដើម្បីឲ្យដឹងថា សត្វមាន់ទាំងនេះមានជំងឺផ្តាសាយបក្សីឬអត់ ហើយចំពោះមុខ មន្ត្រីនឹងធ្វើការតាមដាន សុខភាពសត្វទាំងនេះ នៅក្នុងអំឡុងពេល២ ទៅ៣ថ្ងៃ បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ។ ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្កាការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានាដែលអាចកើតមានលើសត្វ លើកកម្ពស់ការចិញ្ចឹមរបស់កសិករក្នុងស្រុក និងពិសេស គឺការបង់ពន្ធចូលថវិការដ្ឋ៕រក្សាសិទ្ធិដោយ៖CEN





