ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បានបញ្ជាក់ថា បើទោះបីជាស្ថានភាពរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់ថមថយយ៉ាងណាក៏ដោយ សេវាកម្មធនាគារអេស៊ីលីដានៅតែបន្តបំពេញសេចក្តីត្រូវការរបស់អតិថិជនជានិច្ច ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋឌីជីថលគ្របដណ្តប់យ៉ាងទូលំទូលាយគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និង ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋា
ភិបាលធនាគារ អេស៊ីលីដា បានរៀបចំបើកការិយាល័យធនាគារ អេស៊ីលីដា ៤ កន្លែងនៅរាជធានីភ្នំពេញ រួមមាន ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាស្ទឹងមានជ័យ និងសាខាចោមចៅ នឹងបើកបម្រើប្រតិបត្តិការសេវាធនាគារ តាមបញ្ជរ ជូនអតិថិជន និងសាធារណជន។
លោកបណ្ឌិតបន្តថា ធនាគារអេស៊ីលីដា នៅតែបន្តបើកដំណើរសេវាកម្មជាធម្មតា ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់អតិថិជន នៅក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាពេលនេះ។
លោកបញ្ជាក់ទៀតថា ចំពោះសាខាធនាគារអេស៊ីលីដា នៅតាមបណ្តាខេត្ត-ក្រុងដទៃទៀត ដែលមិនស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងត្រូវបើកបម្រើប្រតិបត្តិការជាធម្មតា ។
លោកប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏បានអរគុណអតិថិជនផងដែរ ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ជារៀងរហូតមក ហើយប្រសិនបើអតិថិជនមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233៕រក្សាសិទ្ធិដោយ៖CEN



