ភ្នំពេញ ៖ នេះជាគំរូដ៏ប្រពៃខ្លាំងណាស់ ខណៈដែលម្ចាស់ផ្ទះជួលដ៏មានចិត្តសប្បុរសធម៌មួយ ពុំត្រឹមតែបញ្ចុះថ្លៃឈ្នួលបន្ទប់ប៉ុណ្ណោះទេ តែថែមទាំងចែកស្បៀងជាអង្ករ១បេៗធំ សម្រាប់អ្នកស្នាក់នៅទាំងអស់ និងព្រមទាំងចំណីចំណុក លុយកាក់មួយចំនួនទៀតផង។
នេះបើយោងតាមគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Leakina Chet ដែលជាអ្នកជួលបន្ទប់ បានរៀបរាប់ពីទំហំទឹកចិត្តដ៏កម្ររបស់ម្ចាស់ផ្ទះជួលខ្លួន ទាំងក្តីរំភើបរកអ្វីសឹងប្រៀបពុំបានថា៖ «មើលម្ចាស់ផ្ទះជួលគេផង តម្លៃផ្ទះក៏ចុះ ឥលូវចែកស្បៀងអោយគ្មានប្រណីដៃទេ ឲ្យគ្រប់បន្ទប់ទាំងអស់ មហាដៃទូលាយណាស់ អង្ករអត់មានឲ្យតិចតូចទេចា៎ លេងផ្កាខ្ញីបេធំ៥០គីឡូតែម្ដង ហើយនៅថែមលុយឲ្យទៀត និងរបស់ញាំថែមទៀត តាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់ លឺខ្វះលឺខូចអីមិនបានទេ ហើយបើលឺអ្នកណាទើបសម្រាលកូន ឬទើបរៀបការចាំមើលអាំងប៉ាវគាត់ឲ្យមិនចេះតូចទេ ហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវឲ្យទៀត អគុណណាស់ ពូនិងអុី សូមឲ្យមានសុខភាពល្អសំណាងល្អ»។
ដោយសារតែមានអ្នកចង់ឃើញមុខមាត់ម្ចាស់ផ្ទះ ស្រីស្អាតខាងលើ ក៏បានបង្ហោះរូបឲ្យឃើញ និងបន្តរៀបរាប់បន្ថែមទៀតថា៖ «នេះហើយបងប្អូនគាត់ជាម្ចាស់ផ្ទះជួលខ្ញុំ ដោយសារខ្ញុំផុសពីគាត់ល្ងាចមិញក៏មានបងប្អូន comments Share chart ច្រើនចង់ដឹងព័ត៌មានពីម្ចាស់ផ្ទះចិត្តល្អចង់ឃើញមុខ ចង់ដឹងទីតាំងផ្ទះគាត់អធ្យាស្រ័យបងប្អូនខ្ញុំ ឆ្លើយមិនទាន់ទេច្រើពេក ឥលូវផុសពីគាត់អោយបងប្អូនបានស្គាល់ហើយ មានអ្នកសួរពិតឬអត់ ចូលមើលអាខោនគាត់ដែលខ្ញុំ tage អោយចុះនេះហើយជាគាត់ ខ្ញុំនិងគាត់មិនពាក់ព័ន្ធជាប់សាច់ឈាមអីនិងគ្នាទេ គ្រាន់តែចង់អគុណនូវទឹកចិត្តគាត់កន្លងមកប៉ុណ្ណោះ។ គាត់សាមញ្ញៗមាត់ខ្វាចៗលឺៗ អ្នកនៅផ្ទះគាត់ជាង30បន្ទប់ និងដឹងហើយថាចិត្តគាត់ម៉េចដែរ។ ផ្ទះគាត់នៅតាខ្មៅក្បែរបន្ទាយទាហាន ក្រោយសាលាខ្ពកវែង ទល់មុខផ្ទះសំណាក់សេងឆេងណាបងប្អូន»។
យ៉ាងណាមិញ នៅពេលមានអ្នកសរសើរថា «ធ្វើបុណ្យដោយស្មោះត្រង់ មិនថតផុសចឹងល្អណាស់បង នេះហើយហៅថាចិត្តបុណ្យពិត» ស្រីស្អាត ក៏ឆ្លើយតបទម្លាយឲ្យដឹងទៀតថា៖ «មិនថតហើយ យើងសុំថតក៏មិនព្រមដែរ គាត់ថាអត់ទេ ខ្មាសគេឲ្យគេហើយថតម៉េច»។
ក្រោយពីបានឃើញពីសន្តានចិត្តដ៏ល្អបែបនេះ ក្នុងនោះក៏មានអ្នកខ្លះបានប៉ងប្រាថ្នាក្នុងចិត្តថា៖ «សូមឲ្យម្ចាស់ផ្ទះជួលរបស់ខ្ញុំ មានចិត្តធម៌ដូចគាត់ផងចុះ មិនបាច់អំណោយក៏បានដែរ គ្រាន់តែចុះថ្លៃបន្ទប់ឱ្យបានច្រើនៗ ក៏ខ្ញុំសប្បាយចិត្តដែរ»។ រីឯអ្នកផ្សេងទៀតក៏បានពោលពាក្យដូច្នេះដែរថា «បើខ្ញុំជួបម្ចាស់ផ្ទះចិត្តគាត់ល្អបែបនេះ មិនងាររើរចេញទេ, គាត់ជាគំរូប្រពៃណាស់ មានតែត្រូវរៀនគំរូពីគាត់ នៅពេលអនាគតខាងមុខដែលយើងមានបាន ក៏ត្រូវយោគយល់គ្នាអ្នកខ្សត់ខ្សោយ តូចទាបដូចគាត់អុីចឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










