ភ្នំពេញ ៖ ដូចដែលបានដឹងហើយថា រាជរដ្ឋាភិបាលបានប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩ កាន់តែខ្លាំង។
ក្រោយរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសនេះ អាជ្ញាធរមូលដ្ឋានក៏បានចាប់ផ្តើមរឹតបន្តឹងការចេញចូលរបស់ប្រជាពលរដ្ឋ ដោយអនុញ្ញាតសម្រាប់តែការងារចាំបាច់ប៉ុណ្ណោះ។ ហើយជាការពិតណាស់ ខណៈដែលគ្រប់គ្នា កំពុងតែជួបការលំបាកយ៉ាងខ្លាំង ជាពិសេសកាន់តែបាត់បង់ប្រាក់ចំណូលផងនោះ ក៏ស្រាប់តែមានជីវករមួយចំនួន បានឆ្លៀតយកឱកាសនេះលក់តម្លើងថ្លៃ ខុសពីធម្មតា ដែលធ្វើឲ្យការលំបាកនេះកាន់តែធ្ងន់បន្ថែម។
ជាក់ស្តែង ដូចជាស្រ្តីអាជីវករលក់សាច់ជ្រូកម្នាក់ នៅផ្សារលូ សង្កាត់បឹងកេងកង កាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចចុះណែនាំ អប់រំ និងឲ្យធ្វើកិច្ចសន្យា ក្រោយទទួលដំណឹងថា បានលក់សាច់ជ្រូកក្នុងតម្លៃថ្លៃខុសធម្មតា។
តាមរយៈនេះផងដែរ ក៏សូមអំពាវនាវទៅដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគតាមផ្សារ និងក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាកុំឆ្លៀតយកឱកាសក្នុងគ្រាអាសន្ន លក់កេងចំណេញជ្រុលហួស ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចនឹងប្រឈមចំពោះមុខច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




