ភ្នំពេញ ៖ ទីតាំងសម្រាប់ហូបការធំៗនិងមានលក្ខណៈទំនើបចំនួន២កន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០ គ្រែ ខណៈដែលជំងឺនេះ បាននិងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ។
ដើម្បីជំរុញឲ្យការងារ នៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះ ឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជំងឺ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសានេះ បានដឹកនាំអាជ្ញាធរខណ្ឌសែនសុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល ។
ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអី អន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា៨០០គ្រែ និងអាគារសម្រាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ២០០០គ្រែ សរុបទាំង២ទីតាំងនោះ អាចដាក់បានចំនួនប្រមាណ២៨០០គ្រែ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានធ្វើការណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំឲ្យឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាតនិងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។
ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជំងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ បញ្ជូនអ្នកជំងឺកូវីដ-១៩មកសម្រាកព្យាបាលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










