ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
អាជីវករលក់ដូរនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) ទាំងអស់មានកាតព្វកិច្ចផ្ដល់វត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពី អាជីវករទាំងអស់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន)។ ក្នុងករណី បងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាកនៅវេទិកា ៧មករារៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)។
អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បុគ្គលណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








