ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីកន្លែងមានហានិភ័យទាប ក្នុងជំហ៊ានដំបូង ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថា តើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មក ក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។
ឯកឧត្តមថោង ខុន បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទី១ គឺការក៏សាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរ។ ទី២ គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ និងទី ៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ។ ក្នុងបរិបទនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាឲ្យបាននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទើបអាចចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
សូមជម្រាបថា អ្វីដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងខាងលើនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលត្រូវបានអនុម័តដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២១នេះ កន្លងទៅថ្មីៗៗនេះ៕ រក្សាសិទ្ធិដោយ៖CEN






