ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យលើកឡើងថា ទីផ្សារដីឡូតិ៍ ហាក់នៅមិនទាន់អាចវិលរកសភាពល្អប្រសើរឡើងវិញ នៅឡើយទេ ក្នុងបរិបទនៃការឆ្លងជំងឺកូវីដ១៩នេះ។
អ្នកជំនាញអចលនទ្រព្យ លោក រ៉ុង សីហា នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEY HA Realty ឱ្យដឹងថា ទីផ្សារដីឡូតិ៍ ថ្វីត្បិតថា មានភាពទូលាយ ជាងទីផ្សារអចលនទ្រព្យដទៃ ប៉ុន្តែសម្រាប់អតិថិជនគោលដៅ ភាគច្រើន ជា អ្នកដែលមានចំណូលមធ្យម និង ក្រោមមធ្យម ហើយកំពុងរងនូវផលប៉ះពាល់នាពេលបច្ចុប្បន្នដោយ សារវិបិត្តិនៃជំងឺឆ្លងកូវីដ១៩ទៀត។
អ្នកជំនាញ បន្តថា អ្នកទិញដីឡូតិ៍ ភាគច្រើនជាអ្នក ដែលមានចំណូលមធ្យម និងក្រោមមធ្យម ដូចជា កម្មកររោងចក្រ អ្នកមានអាជីវកម្មខ្នាតតូច ឬមធ្យម ជាលក្ខណៈគ្រួសារ ដែលពួកគាត់ទិញដីឡូតិ៍ ដោយការបង់រំលោះប្រាក់ដែល ពួកគាត់ នៅសល់ប្រចាំថ្ងៃ តិចតួច ឬ លុយសន្សំប្រចាំខែ ប៉ុន្តែ ដោយសារតែកូវីដ បានធ្វើឱ្យពួកគាត់បាត់បង់ចំណូល និងកំពុង ជួបផលលំបាក។
ក្នុងដំណាក់កាលពេលនេះ អ្នកជំនាញ រំពឹងទុកទៅលើទីផ្សារដីឡូតិ៍ ឬ ទីផ្សារដទៃទៀត ក្នុងវិស័យអចលនទ្រព្យ គឺ ស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈដែលការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅតែបន្តមានកំណើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕រក្សាសិទ្ធិដោយ៖CEN




