ស្ទឹងត្រែង ៖ ទំពាំង ឬហៅថា ពន្លកឬស្សីព្រេច នៅតែជារុក្ខជាតិដ៏សំខាន់ ដែលប្រជាពលរដ្ឋ រស់នៅជន បទក្នុងខេត្តស្ទឹងត្រែងយកមកកែច្នៃធ្វើជាមុខម្ហូបបានជាច្រើនយ៉ាង ដើម្បីគ្រួសារនិងគ្រួសារខ្លះ យកទៅលក់ឱ្យអ្នកដទៃបានបរិភោគជាបន្តទៀត។
ប្រជាពលរដ្ឋរស់នៅឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បាននិយាយឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅចុងខែមេសា និងដើមខែឧសភា រដូវប្រាំងបានកន្លងផុតទៅរដូវវស្សា ក៏ចាប់ផ្ដើមមកដល់មានភ្លៀងធ្លាក់។ ពេលនោះដើមឬស្សីដែលត្រូវភ្លើងឆេះ កាលពីរដូវប្រាំងនោះ លុះដល់ពេលមានភ្លៀងធ្លាក់ ក៏ចាប់ផ្ដើមដុះទំពាំង ឬពន្លកចេញជាគល់ឬស្សីប៉ុនកដៃ មនុស្ស។
អ្នកស្រុកបានឲ្យដឹងទៀតថា ឲ្យតែដល់ភ្លៀងចាប់ផ្ដើមធ្លាក់ដំបូងៗ អ្នកភូមិក៏នាំគ្នាដើរចូលព្រៃវាល កម្ពោធព្រៃរបោះដើម្បីរកមើល ទំពាំងឫស្សីព្រេច កាត់ ផ្ដាច់គល់យកតែទំពាំងច្រកទាំងការ៉ុងយកមកផ្ទះ។
បន្ទាប់មកអ្នកស្រុកក៏ចាប់ផ្ដើម បកស្រទាប់ខាងក្រៅចេញយកតែទំពាំង រូចត្រាំទឹកនិងខ្លះយកទៅលក់បន្ត។ អ្នកស្រុកខ្លះទៀត កែច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ពិសា ដែលពួកគាត់និយមចូលចិត្តបានជាច្រើនមុខ។
អ្នកធ្វើម្ហូបលក់កែច្នៃពីទំពាំងឬស្សីព្រេច រស់នៅភូមិបាចុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បាននិយាយឲ្យដឹងថា ទំពាំងឬស្សីព្រេច គឺជាមុខម្ហូបដ៏ពិសេសដែលគេអាចយកទៅស្លម្សៅ ឬស្ងោរជាអន្លក់ចុចជាមួយទឹកប្រហុកទឹកគ្រឿង តាមចំណង់ចិត្តក្នុងគ្រួសាររៀងៗខ្លួន។ គេក៏អាចយកទំពាំងឬស្សីព្រេចធ្វើម្ហូបម្យ៉ាង ដែលបងប្អូនជនជាតិភាគតិចនិយមចូលចិត្តនោះ គឺម្ហូបឈ្មោះស្លចាណាង។
អ្នកធ្វើម្ហូបលក់បានបន្តទៀតថា ទំពាំងឬស្សីព្រេចគេអាចយកទៅធ្វើជ្រក់ ក្នុងរយៈពេលពីរទៅបីថ្ងៃទុកឲ្យក្លាយ ជាជូររួចយកមកផ្ទាប់ជាមួយ នឹងត្រីអាំងកាន់តែឆ្ងាញ់ពិសេស។
គ្រួសារខ្លះទៀតដែលមានសមាជិកច្រើននាំគ្នា ដើររកទំពាំងមកឆ្នៃជាមុខម្ហូបទំពាំងជ្រក់ ឬក៏លក់ទាំងស្រស់ក្រោយពីបកត្រាំទឹក រួចដឹកទៅលក់បន្តនៅផ្សារស្ទឹងត្រែង។
ទំពាំងឬស្សីព្រេចនេះ មិនមែនជារបស់កម្មសិទ្ធិនរណាម្នាក់ឡើយ គឺវាដុះនៅតាមព្រៃធម្មជាតិ។ ព្រោះថាខេត្តស្ទឹងត្រែងសម្បូរទៅដោយព្រៃរបោះវាល គឺជាធម្មជាតិអំណោយផល សម្រាប់ការលូតលាស់របស់ដើមឬស្សីព្រេច។
គួរបញ្ជាក់ថា មុខម្ហូបដែលកែច្នៃពីទំពាំងឬស្សីព្រេចនេះគឺមានតតាំងពីដូនតាមកទល់នឹងសព្វថ្ងៃនេះ។ បើទោះបីជាទំពាំងឬស្សីព្រេច មានគុណប្រយោជន៍ធ្វើជាមុខម្ហូប បានច្រើនយ៉ាងសម្រាប់ប្រជាពលរដ្ឋ នៅតាមជនបទក្នុងខេត្តស្ទឹងត្រែងយ៉ាងណាក្តី។ យើងមិនអាចរក្សាទុកបានយូរដូច ទំពាំងឬស្សីផ្សេងទៀតបានទេ។
ម្ហូបដែលអ្នកស្រុកកែច្នៃ ធ្វើពីទំពាំងជ្រក់អាចទុកបានត្រឹមពីរបីថ្ងៃប៉ុណ្ណោះ ពោលគឺទំពាំងឬស្សីព្រេចនេះ មិនអាចទុកបានយូរតទៅទៀតឡើយ។
គុណប្រយោជន៍ ដែលបានពីទំពាំងឬស្សីព្រេច ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះគេអាចយក មកធ្វើម្ហូបទទួលទានក្នុងកំឡុង រដូវប្រាំងបានផុតទៅរដូវវស្សា ឈានចូលមកដល់មេឃធ្លាក់ភ្លៀង ទំពាំងចាប់ផ្ដើមដុះក្នុងមួយឆ្នាំសំបូរមានតែម្ដងទេ។
ពេលរដូវវស្សាភ្លៀងកាន់តែធ្លាក់ជោកជាំ ទំពាំងដែលដុះចេញពីគល់ឬស្សីព្រេចនោះ បានចាប់ផ្ដើមដុះពន្លកក្លាយជាដើមតូចៗស្លឹកល្អិតៗ មិនអាចយកមកកែច្នៃធ្វើជាមុខម្ហូប បានតទៅទៀត។ ក៏ប៉ុន្តែពន្លកទំពាំងក្លាយជាដើមឬស្សីព្រេច ដុះស្លឹកចាស់ទៅហើយនោះ គេអាចយកទៅកែច្នៃធ្វើជាអំបោសសម្រាប់បោសធូលីសំរាម សម្អាតបរិវេណជុំវិញផ្ទះ អ្នកស្រុកតាមជនបទ៕ រក្សាសិទ្ធិដោយ:សំណាង












