ភ្នំពេញ ៖ កម្ពុជា ជាប្រទេសឈរនៅលំដាប់លេខរៀងទី២ ក្នុងតំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋ បាន ទៅ ចាក់ វ៉ាក់សាំងកូវីដ១៩ ច្រើន និងលឿនជាងគេ ជាមួយសន្ទសន៍ប្រមាណ ១២.៤០ ភាគរយ ខណៈប្រទេសសិង្ហបុរីឈរនៅលំដាប់លេខរៀងទី១ ជាមួយសន្ទស្សន៍ ៣៧.៤៨ភាគរយ។
របាយការណ៍ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី ឈរនៅលំដាប់ទី៣ ជាមួយសន្ទស្សន៍ ៦.៨៩ភាគរយ, ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី៤ ជាមួយសន្ទស្សន៍ ៤.០៣ភាគរយ, ប្រទេសឡាវ ឈរនៅលំដាប់ទី៥ ជាមួយសន្ទស្សន៍ ២.៥៣ភាគរយ, មីយ៉ាន់ម៉ា ឈរនៅលំដាប់ទី៦ ជាមួយសន្ទស្សន៍ ១.៩១ភាគរយ, ថៃ ឈរលំដាប់ទី៧ ជាមួយសន្ទស្សន៍ ១.៦៥ភាគរយ, ហ្វីលីពិន ឈរនៅលំដាប់ទី៨ ជាមួយសន្ទស្សន៍ ១.៦១ភាគរយ, ព្រុយណេ ឈរលំដាប់ទី៩ ជាមួយសន្ទស្សន៍ ០.៥៣ភាគរយ និងប្រទេសវៀតណាម ឈរនៅលំដាប់ទី១៩ ជាមួយសន្ទស្សន៍ ០.២៧ភាគរយ។
ប្រទេសកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជា ចាក់ជូនប្រជាពលរដ្ឋបានជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជា ទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១លាន៣សែនដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៤០ម៉ឺនដូសបន្ថែមទៀត៕រក្សាសិទ្ធិដោយ៖CEN




