Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់ ៥ម៉ឺនដុល្លារ ជួយពលរដ្ឋនៅតំបន់បិទខ្ទប់ បានប្រគល់ឲ្យសាលារាជធានីភ្នំពេញ

ភ្នំពេញ ៖ ថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណានព្រមទាំងក្រុមគ្រួសារ ត្រូវបានថ្នាក់ដឹកនាំនៃធនាគារ វីង (ខេមបូឌា) ម.ក. យកមកប្រគល់ជូន សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះហើយ ដើម្បីចូលរួមឧបត្ថម្ភដល់ ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់។

ពិធីប្រគល់ថវិកានេះត្រូវបានធ្វើឡើងក្នុងបរិវេណនៃសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជា អធិបតីភាពនៃឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងនៃបុគ្គលិកធនាគារវីង ជាច្រើនរូប ដោយអនុវត្ត ទៅតាមគោលការសុវត្ថិភាពយ៉ាងជាក់លាក់។

ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា «យើងបានឃើញ និងយល់ពីផលប៉ះពាល់ខ្លាំង ព្រមទាំងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងកំលុងពេលនៃការបិទខ្ទប់។ ខ្ញុំនិងភរិយាខ្ញុំ ចំណាន សូមចូលរួមសម្រាលបន្ទុកនេះ តាមរយៈការឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនសាលារាជធានីភ្នំពេញ ដើម្បីផ្ដល់ជំនួយបន្ទាន់ចាំបាច់នានា។»

អ្នកឧកញ៉ា គិត ម៉េង ក៏បានមានប្រសាសន៍បន្ថែមទៀតថា «ចំនួនទឹកប្រាក់នេះអាចបំពេញ តម្រូវការចាំបាច់សម្រាប់ដោះស្រាយក្នុងពេលបិទខ្ទប់នេះមួយរយ: ប៉ុន្តែអ្វីដែលចាំបាច់សម្រាប់ជួយ ប្រទេសរបស់យើងឱ្យរួចផុតពីសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺការអត់ធ្មត់ និងស្មារតីសហគមន៍របស់យើងម្នាក់ៗ។ នេះហើយគឺជាសាមគ្គីភាពជាតិ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។»
ថវិកាដែលទទួលបាននៅពេលនេះ សាលារាជធានីភ្នំពេញ នឹងយកទៅឧបត្ថម្ភគាំទ្រ ដល់ក្រុមគ្រួសារ ដែលកំពុងជួបការលំបាក នៅក្នុងតំបន់បិទខ្ទប់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕រក្សាសិទ្ធិដោយ៖CEN

×