ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុគម្រោងវិនិយោគចំនួនពីរ ដែលបោះទុនវិនិយោគប្រមាណ ៥.៦លានដុល្លារ និងបង្កើតការងារជិត១.៤០០កន្លែងដល់ប្រជាពលរដ្ឋក្នុងស្រុក។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. ដែលក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

ជាមួយគ្នានេះ ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. ក្នុងគម្រោងបង្កើតរោងចក្រដំឡើងកង់ និងកង់អាគុយ ព្រមទាំងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងមានទុនវិនិយោគប្រមាណ១,៧លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕
រក្សាសិទ្ធិដោយ៖CEN



