Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ សហការជាមួយនិងក្រសួងប្រៃសណីយ៍ ជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

ពិធីចុះអនុស្សរណៈយោគយល់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៩ខែមេសា ឆ្នាំ ២០២១ តាមប្រព័ន្ឋអនឡាញ ក្រោមការចូលរួមពី លោក ជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនិងការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ។

នៅក្នុងសេចក្តីជូនដំណឹង ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះ គឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង ដែលនឹងរួមចំណែកក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អោយប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន សំដៅរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ ក៏ជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕រក្សាសិទ្ធិដោយ៖CEN

×