Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត របស់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម សេដ្ឋកិច្ចដែលបណ្ដាលមក ពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ“ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាង គំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។ រាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង (១) កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម សេដ្ឋកិច្ចដែលបណ្ដាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ, (២) បន្តសុពលភាពនៃវិធានការដែល បានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ, (៣) បន្តដាក់ចេញ និងអនុវត្តនូវ វិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន៖

១-វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍
បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកតាមលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាល កម្ពុជានឹង៖ បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ១នាក់ ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ដុល្លារអាមេរិកសម្រាប់កម្មករនិយោជិត ១នាក់ (ជាសរុបកម្មករនិយោជិត ១នាក់ ទទួលបាន ៧០ដុល្លារអាមេរិកក្នុងមួយខែ)។

បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ ជូនកម្មករនិយោជិត ១នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដែលមានដូចជា សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាម លទ្ធភាពជាក់ស្តែង បន្ថែមពីលើប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

បានចាប់ផ្តើមអនុវត្តឡើងវិញនូវការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុន ឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយបានកំណត់ កាលបរិច្ឆេទ នៃការទូទាត់ជាដំណាក់កាល ដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមសម្រួលដល់ជីវភាពបង ប្អូនកម្មករនិយោជិត ក៏ដូចជាជួយសម្រាលបន្ទុកនិយោជកក្នុងការទូទាត់ប្រាក់បំណាច់អតីតភាព ការងារនេះ ក្នុងគោលបំណងរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនង វិជ្ជាជីវៈ។

បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរ ឬផ្អាកដំណើរការអាជីវកម្ម។

២-វិធានការបន្តជួយវិស័យអាកាសចរណ៍ បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។ បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពី ខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាត ឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលនៃការពន្យារនេះ។

៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនឹងបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់បុគ្គល ឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀស វាងការបញ្ឈប់កិច្ចសន្យា ឬការបណេ្តញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង។

នាឱកាសនេះ រាជរដ្ឋាភិបាលសូមបន្តអំពាវនាវជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូន កម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន “៣ការពារ” និង “៣កុំ” និងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការអនុវត្ត វិធានការសុវត្ថិភាព និងសុខភាពការងារជូនបងប្អូនកម្មករនិយោជិត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×