Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តស្ទឹងត្រែង មានអ្នកចិញ្ចឹមត្រីអណ្តែង ជាលក្ខណៈគ្រួសារ ប្រមាណជា១៥០កន្លែង

spot_img

ស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងមានអ្នកចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ប្រមាណជា១៥០កន្លែងហើយ ក្នុងនោះមានមួយគ្រួសារបានប្រើរយៈពេល១០ឆ្នាំលើមុខរបរនេះ។

សព្វថ្ងៃគ្រួសារដែលមានបទពិសោធន៍ បានពង្រីកអាងស្តុករហូតដល់ទៅជិត៤០អាង អាចនិយាយបានថា ផ្ទុកកូនត្រីអណ្តែងបានរាប់មុឺនក្បាល។

លោកស្រី សៀន ផលិតកសិករចិញ្ចឹមត្រីអណ្ដែងដ៏ធំជាងគេ ក្នុងខេត្តស្ទឹងត្រែង នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បាននិយាយឲ្យដឹងថា អ្នកស្រីបានចិញ្ចឹមត្រីអណ្តែង ជាមួយនឹងបងប្អូនអស់រយៈពេល ១០ឆ្នាំមកហើយ។

ដំបូងឡើយការរៀបចំអាងស្តុកទឹកចិញ្ចឹមត្រីអណ្ដែង មានត្រឹម ១០អាងប៉ុណ្ណោះ។ លុះដល់ពេលចិញ្ចឹមយូរៗទៅឃើញថាចំណេញ ក៏ចាប់ផ្ដើមពង្រីកមុខរបរនេះកាន់តែធំឡើង។ ក្រុមគ្រួសារគាត់ចាប់ផ្ដើមចិញ្ចឹមត្រីអណ្ដែងដំបូងនេះ យល់ថាគ្មានមុខរបរអ្វីផ្សេងដែលគាត់ពេញចិត្ត ក្រៅពីចិញ្ចឹមត្រីអណ្ដែងលក់។

ហេតុដូច្នេះហើយក្រុមគ្រួសារគាត់ដែលធ្លាប់ បានសិក្សានៅកន្លែងចិញ្ចឹមត្រីខ្លះ ក៏ចាប់ផ្ដើមទិញត្រីកូនអណ្ដែងនាំចូលពីប្រទេសឡាវ មកចិញ្ចឹមស្រាប់តែម្ដង។

អ្នកចិញ្ចឹមត្រីរូបនេះថា កូនត្រីអណ្ដែងមានប្រភពនាំចូលពីឡាវទិញ ក្នុងតម្លៃមួយក្បាល១៥០ទៅ៣០០រៀល កាលចាប់ផ្តើមមុខរបរដំបូងកាល១០ឆ្នាំមុន។ ត្រីអណ្ដែងនេះគេហៅថាប្រភេទត្រីអណ្ដែងទន់។

បច្ចុប្បន្ននេះកូនត្រីអណ្ដែងដែលនាំចូលពីប្រទេសឡាវ គេលក់គិតជាគីឡូវិញ មិនរាប់ចំនួនក្បាលដូចមុនទេ។ បើសិនជាយើងទិញកូនត្រីអណ្ដែងច្រើនពីប្រទេសឡាវ គេលក់ក្នុងតម្លៃមួយគីឡូក្រាមជាង៣ម៉ឺនរៀល។

សព្វថ្ងៃនេះអាងចិញ្ចឹមត្រីរបស់គាត់ បែងចែកតជាប់គ្នាមានរហូតដល់ទៅជិត៤០ អាង។ បើគិតកូនត្រីអណ្ដែងដាក់ចិញ្ចឹមមានរហូត ដល់ទៅជាង ៣០០ គីឡូក្រាម នឹងថាដល់ទៅចំនួនជាង៣ម៉ឺនក្បាលទៅ ៥ក្បាល។ អាងចិញ្ចឹមនីមួយៗ អាចដាក់ត្រីបាន ជាង១.៥០០ ក្បាល។ យើងត្រូវចាប់ផ្តើមមើលថែចិញ្ចឹមកូនលូតលាស់ រហូតដល់ធំពេញវ័យទទួលផលក្នុងរយៈពេល ៣ខែ។

ម្ចាស់លក់ត្រីអណ្តែងថា តម្លៃលក់រាយក្នុងមួយគីឡូក្រាម ៩.០០០រៀល។ បោះដុំតម្លៃលក់ចេញត្រីអណ្ដែង ៨.០០០រៀលក្នុងមួយគីឡូក្រាម។ ចំពោះការលក់សព្វថ្ងៃនេះ ក្នុងរដូវកាលជំងឺកូវីដ-១៩ រាតត្បាតគាត់បានបញ្ចុះតម្លៃត្រឹម ៧.០០០ រៀលក្នុងមួយគីឡូក្រាម។
ម៉ូយទិញត្រីអណ្ដែងរបស់គ្រួសារអ្នកស្រី សៀន ផលិត គឺជាប្រជាពលរដ្ឋនៅក្នុងភូមិនិងអ្នកទៅពីផ្សារ ទិញដល់ផ្ទះតែម្ដង។ រាល់ថ្ងៃគាត់មានម៉ូយទៅប្រមូលទិញជាប្រចាំលក់បន្ត។

ការចិញ្ចឹមត្រីនេះ គឺមិនមាន ភ្ញាស់កូនដោយខ្លួនឯងទេ គឺទិញកូនមានប្រភពមកពីប្រទេសឡាវតែម្ដង។ រីឯចំណីអ្នកស្រីអះអាងថាទិញ មកពីក្រុមហ៊ុនដែលគេលក់នៅផ្សារខេត្តស្ទឹងត្រែង។

របៀបចិញ្ចឹមត្រីអណ្តែងក្នុងមួយថ្ងៃ ដាក់ឲ្យចំណីពីរពេល គឺពេលព្រឹកនិងពេលល្ងាច។ រយៈពេលចិញ្ចឹមបាន៣ខែ ត្រីអាចមានទម្ងន់ដល់ទៅមួយក្បាល៣គីឡូក្រាមក៏មាន។ តែអ្នកមកទិញយកទៅធ្វើម្ហូប មិនសូវចាប់អារម្មណ៍ទេ គឺគេទិញតែត្រីណាធំល្មមៗ តូចជាងកដៃមនុស្សធំប៉ុណ្ណោះ។

អ្នកស្រីនិយាយថា ម៉ូយទៅទិញក្នុងមួយថ្ងៃគាត់លក់ចេញ បានដល់ទៅ ២០០ទៅ ៣០០គីឡូក្រាមក៏មាន។ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតក្នុងប្រទេស យ៉ាងហោចណាស់ក៏លក់ចេញចាប់ពី១០ទៅ ២០គីឡូក្រាមដែរ។

លក្ខណៈពិសេសប្រភពទឹកចិញ្ចឹមត្រីគ្រួសារ អ្នកស្រីបូមទឹកពីទន្លេមេគង្គ។ មានទីតាំងល្អក្បែរមាត់ច្រាំងទន្លេ។ នៅក្បែរប្រភពទឹកងាយស្រួលណាស់ ក្នុងការចិញ្ចឹមត្រីយើងអាចប្ដូរទឹក បានគ្រប់ពេលវេលាមើលថែបានយ៉ាងល្អ។

អ្នកចិញ្ចឹមត្រីបានបញ្ជាក់ថា ការបូមទឹកទន្លេយកមកចិញ្ចឹមត្រីនេះ គឺជារឿងល្អពីព្រោះថាទឹកទន្លេ គឺជាទឹកធម្មជាតិស្រួលក្នុងការចិញ្ចឹម ខុសពីការប្រើប្រាស់ទឹកអណ្ដូង ដែលមានសារធាតុរ៉ែ ពិបាកក្នុងការថែទាំទឹក នឹងអាចបណ្តាលឲត្រីងាប់ខាតបង់ប្រាក់។

អ្នកស្រីក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ទឹកទន្លេប្រឡាយអូរ គឺជាប្រភពទឹកមានលក្ខណៈងាយស្រួល ក្នុងការចិញ្ចឹមខុសពីប្រើប្រាស់ទឹកអណ្ដូង(មានជាតិកំបោរ)។
មុខរបរចិញ្ចឹមត្រីអណ្ដែងលក់អ្នកស្រីអះអាងថា ពេលខ្លះអាចមានហានិភ័យត្រូវខាតបង់ក៏មាន។ តែការចិញ្ចឹមបែបនេះ វាធ្វើឱ្យផលចំណេញច្រើនជាងខាត។ ចាប់តាំងពង្រីកមុខរបរចិញ្ចឹមត្រីធ្វើឱ្យគ្រួសារ អ្នកស្រីអាចផ្គត់ផ្គង់ប្រចាំគ្រួសារ បានប្រាក់ចំណូលរៀងរាល់ថ្ងៃ។

អ្នកស្រីសៀន ផលិត យល់ថាតម្រូវការទីផ្សារទិញត្រីអណ្ដែង ក្នុងខេត្តស្ទឹងត្រែងយើងចិញ្ចឹមមិនអាច ផ្គត់ផ្គង់ពេញតម្រូវការបានទេ។ អ្នកស្រីជំរុញឲ្យប្រជាកសិករនាំគ្នា ផុលផុសចិញ្ចឹមត្រីអណ្ដែងឲ្យកាន់តែច្រើន ដើម្បីបំពេញតម្រូវការម្ហូបអាហារប្រចាំថ្ងៃ។

លោកយាម សាវុន នាយរងផ្នែករដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ការចិញ្ចឹមត្រីតាមភាសាបច្ចេកទេស គេហៅថាវ៉ារីវប្បកម្ម សម្រាប់ការចិញ្ចឹមត្រី នៅក្នុងខេត្តស្ទឹងត្រែងមានប្រមាណជា ១៥០គ្រួសារ ដោយការចិញ្ចឹមត្រីទាំងនោះ គឺជាលក្ខណៈគ្រួសារ។

លោកសង្កេតឃើញថា ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនៅខេត្តស្ទឹងត្រែង លូតលាស់បានល្អពុំសូវបរាជ័យឡើយ។ ការយល់ឃើញរបស់មន្ត្រីជលផលថា ការចិញ្ចឹមត្រីគឺឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ការចិញ្ចឹមត្រីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយទៅរកទិញត្រីនៅលើទីផ្សារ។ កាត់បន្ថយការចំណាយក្នុងគ្រួសារ។ កាត់បន្ថយការទទួលទានសាច់ជាដើម។ ត្រីដែលចិញ្ចឹមនោះអាចកែច្នៃបានទៅជាម្ហូបផ្សេងៗ រក្សាទុកឲបានយូរដូចជាធ្វើប្រហុកផ្អក។ ម្យ៉ាងទៀតមានមុខរបរចិញ្ចឹមត្រី នៅផ្ទះក៏អាចកាត់បន្ថយចំណាកស្រុក ចេញទៅធ្វើការនៅខេត្តផ្សេងឬទីក្រុង។

ការចិញ្ចឹមត្រីតាមបែបធម្មជាតិនេះ វាបានផ្ដល់ប្រូតេអ៊ីនសម្រាប់រាងកាយមនុស្ស ដែលទទួលទានត្រី។ ស្របពេលដែលប្រទេសកំពុងតែមានវិបត្តិការ ឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវី-១៩ ការចិញ្ចឹមត្រីកំពុងជួយផ្គត់ផ្គង់ ដល់ជីវភាពគ្រួសារក្នុងសហគមន៍បានភ្លាមៗ។

ចំណុចដ៏សំខាន់ទៀតនោះ គឺការចិញ្ចឹមត្រីកាត់បន្ថយការនេសាទនៅតាមដងទន្លេ។ ជួយបង្កើនបរិមាណត្រីមេពូជ ក្នុងទន្លេកាន់តែកើនឡើង។

មន្ត្រីជំនាញជលផលខេត្តបានលើកឡើងទៀតថា គ្រួសារខាងលើនេះ ចិញ្ចឹមត្រីអាចផ្គត់ផ្គង់ពេញបរិបូណ៌ នៅក្នុងក្រុមគ្រួសារគាត់ នឹងបន្តលក់នៅលើទីផ្សារទៀតផង ដើម្បីបំពេញតម្រូវការ។

បន្ថែមពីនេះបានផ្ដល់បទពិសោធន៍ ដល់អ្នកមកទិញកូនត្រីពីគាត់ យកទៅចិញ្ចឹមបន្ត។
មានការលើកឡើងថា សព្វថ្ងៃនេះការទិញកូនត្រីមកចិញ្ចឹម គឺខ្លះទិញនៅក្នុងប្រទេស និងខ្លះទៀតទិញមកពីក្រៅប្រទេស ដូចជាប្រទេសឡាវ ដែលជាប់ព្រំដែនជាមួយខេត្តស្ទឹងត្រែង។

ដំណឹងល្អខេត្តស្ទឹងត្រែង កំពុងតែសាងសង់ស្ថានីយដ៏ធំមួយ មានតម្លៃខ្ទង់លានដុល្លារគ្រោង នឹងបញ្ចប់ការសាងសង់ នៅពេលឆាប់ៗខាងមុខ។ ស្ថានីយបង្កាត់ត្រីមេពូជ ចម្រុះទាំងនោះ នឹងអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង និងក្នុងប្រទេសកម្ពុជា។

អ្នកចិញ្ចឹមត្រីអាចទទួលទិញកូនត្រី ដែលខាងជំនាញលក់តម្លៃទាបជាងទីផ្សារ បានដោយងាយស្រួលបំផុត៕ រក្សាសិទ្ធិដោយ:សំណាង

spot_img
×