Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋស្នើសុំអភិបាលខេត្តមានវិធានការជួយរុះរើផ្ទះចិញ្ចឹមត្រចៀកកាំព្រោះបង្ករសំឡេងរំខាននិងក្លិនស្អុយ

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋចំនួន ៣២គ្រួសារក្នុងនោះមានអ្នករងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលបាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងមួយច្បាប់ដើម្បីស្នើសុំដល់អាជ្ញាធរជួយអន្តរាគមន៍លើរណីផ្ទះចិញ្ចឹមត្រចៀកកាំ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ដោយបានជះក្លិនស្អុយឆេះឆ្អាប ក្លិនពុលបង្កសំឡេងរំខានទាំងយប់ទាំងថ្ងៃធ្វើឲ្យពលរដ្ឋពិបាកដេកពួនមកដល់សព្វថ្ងៃជិត២០ឆ្នាំនៅមិនទាន់ឃើញមានដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្ឋាននៅឡើយ។

តាមដូនចាស់ម្នាក់ឈ្មោះសៀង ផល្លាអាយុ៧០ឆ្នាំរស់នៅភូមិទី៩សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ប្រាប់ឲ្យដឹងនៅថ្ងៃទី២០តុលា ឆ្នាំ២០២៥ថា: ផ្ទះថ្មល្វែងរបស់គាត់នៅជាន់ក្រោមចំណែកផ្ទះចិញ្ចឹមត្រចៀកកាំនៅជាន់ខាងលើបង្អស់ដោយម្ចាស់អាជីវកម្ម បានចាក់សំឡេងសត្វត្រចៀកកាំស្រែក ដើម្បីធ្វើជាអន្ទាក់ហៅសត្វមកចូលនៅក្នុងសំបុក។ពេលគាត់ប្រាប់គេមិនមានអ្នកស្ដាប់នោះទេ មិនតែប៉ុណ្ណោះពេលដែលគេឡើងលាងអាចម៍សត្វ ធ្វើឲ្យជ្រាបទឹកតាមបេតុងមកដល់ផ្ទះរបស់គាត់សូម្បីតែប្ដីរបស់គាត់ដោយសាររងក្លិននេះជិត២០ឆ្នាំមកហើយ ឥឡូវឈឺដេកនៅកន្ទេល និយាយរួមពេលក្លិនគេលាងខាងលើជះមកពិបាកដកដង្ហើមតែម្ដងសូម្បីតែគាត់ផ្ទាល់សុខភាពក៏ទ្រុឌទ្រោមដែរ។

លោកកើត ឡូញ អាយុ៦០ឆ្នាំនៅភូមិទី ៩ សង្កាត់កំពង់ចាម ប្រាប់ឲ្យដឹងថាផ្ទះគាត់ជាប្រភេទផ្ទះថ្មល្វែងនៅជាន់ផ្ទាល់ដីហើយផ្ទះចិញ្ចឹមត្រចៀកកាំនៅជាន់ខាងលើ ហើយសំឡេងគេចាក់នោះគឺប៉ះពាល់២៤ម៉ោងលើ២៤ម៉ោងធ្វើឱ្យគាត់នឹងប្រពន្ធព្រមទាំងកូនៗ ពិបាកក្នុងការដេកពួនដោយតែសំឡេងរំខាននេះ
មានពេលខ្លះម្ចាស់អាជីវកម្មបានមកបោសសំអាតលាមកសត្វធ្វើឲ្យធ្លាក់មកតាមទុយោជាក្លិនស្អុយណាស់ ដោយពលរដ្ឋប៉ះពាល់ផ្ទាល់ចំនួន៤គ្រួសារនិងអ្នកប៉ះពាល់ប្រយោលសរុបចំនួន៣២ គ្រួសារ។ ផ្ទះគាត់ត្រូវបានជ្រាបទឹកក្លិនថ្នាំបង្កឲ្យមានការឈឺក្បាល វិលមុខហើយសំឡេងគេបើកតាមតែអំពើចិត្ត។
សំណង់ផ្ទះត្រចៀកកាំប្រភេទធ្វើថ្មីនៅលើសំណង់ផ្ទះចាស់ ដែលមកដល់សព្វថ្ងៃជិត១៦ ឆ្នាំ បើមិនទប់ស្កាត់ទេយូរៗអាចស្រុតក៏ថាបាន។

ដូនចាស់ឈ្មោះទ្រី អូន អាយុ៧១ឆ្នាំបានលើកឡើងថា មានពេលមួយនៅក្នុងឆ្នាំ២០២៤កន្លងទៅពេលគេលាងរបស់សំអាតផ្ទះត្រចៀកកាំពេលហូរចូលមកដោយទាំងលាមកមានក្លិនស្អុយ ដោយជះតាមលូចូលតាមបង្អួចមកដល់ក្នុងផ្ទះរបស់គាត់ធ្វើឲ្យម្នាក់ៗ ពិបាកទ្រាំក្នុងការរស់នៅ។ ដោយសារតែកត្តាសំឡេងរំខាននិងពិបាកក្នុងការរស់នៅបងប្អូនប្រជាពលរដ្ឋចំនួន៣២ គ្រួសាររស់នៅភូមិទី៨និងទី៩សង្កាត់កំពង់ចាម បាននាំគ្នាផ្ដិតមេដៃនិងពាក្យបណ្ដឹងមួយច្បាប់ដើម្បីឲ្យសាលាសង្កាត់កំពង់ចាមជួយដោះស្រាយតែដោះមិនចេញ។
រាល់ថ្ងៃបង្អួចផ្ទះខាងក្រោយត្រូវបានឲ្យជាងដាក់កញ្ចក់បិទជិត ដើម្បីការពារកុំឲ្យក្លិនពុលចូលក្នុងផ្ទះ។
បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលចំនួន ៣២គ្រួសារ សំណូមពរអាជ្ញាធរដែនដីធ្វើយ៉ាងណាជួយដោះស្រាយកន្លែងអាជីវកម្មចិញ្ចឹមត្រចៀកកាំ របស់ឈ្មោះឃុន ចេញទៅដាក់នៅកន្លែងឆ្ងាយដើម្បីកុំឲ្យប៉ះពាល់ពលរដ្ឋបន្តទៀត។
ដូនចាស់រូបនេះក៏បានបញ្ជាក់ថានៅរសៀលថ្ងៃទី១៨តុលា ២០២៥ គេបានហៅប្រជាជនទៅដោះស្រាយនៅសាលាក្រុងកំពង់ចាម គ្រានោះម្ចាស់អាជីវកម្មបានលើកឡើងថាគេចំណាយទន់ធ្វើអស់លុយច្រើនដូច្នេះពុំអាចរើទៅកន្លែងណាទេ។

នៅព្រឹកថ្ងៃទី២០តុលា ភ្នាក់ងាររបស់យើងមិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មផ្ទះចិញ្ចឹមត្រចៀកកាំបាននោះទេ។

លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់តាមទូរសព្ទឱ្យដឹងនៅព្រឹកថ្ងៃទី ២០តុលាឆ្នាំ២០២៥ថា ក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋអាជ្ញាធរបានបង្កើតគណៈកម្មការចម្រុះរបស់សាលាខេត្តក្នុងនោះមានទាំងផ្នែកផ្លូវច្បាប់ផងត្រៀមនិងចុះពិនិត្យផ្ទាល់ទីតាំងផ្ទះចិញ្ចឹមត្រចៀកកាំក្នុងពេលឆាប់ៗនេះ។

គួររំលឹកថា នាពេលកន្លងទៅក្នុងពេលប្រជុំជាមួយស្ថាប័នមន្ទីរជំនាញជុំវិញខេត្តឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តធ្លាប់មានប្រសាសន៍លើកឡើងថាចំពោះទីតាំងផ្ទះត្រចៀកកាំដែលស្ថិតនៅក្នុងក្រុងកំពង់ចាម និងត្រូវឱ្យឬចេញទៅនៅជាយក្រុងវិញចៀសវាងកុំឲ្យមានសំឡេងប៉ះពាល់និងក្លិនស្អុយលើពលរដ្ឋ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

×