Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន

ខេត្តកណ្តាល ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។ ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា “ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ជាទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយជាអាកាសយានដ្ឋានឱ្យទៅជា “Hub – មជ្ឈមណ្ឌល” ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ។ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាយើងបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ”។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទនភាពជាតិខ្មែរទាំងមូល ជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×