Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករផ្សារដងទង់ ស្នើដល់អាជ្ញាធរពិនិត្យមើលភាពមិនប្រក្រតី លើការយកថ្លៃភាស៊ីខ្ពស់ ពីសំណាក់ប្រធានផ្សារ

spot_img

កោះកុង ៖ ក្រុមអាជីវករជាច្រើននាក់ នៅផ្សារដងទង់នៃខេត្តកោះកុង បានស្នើដល់អភិបាលខេត្តកោះកុង ជួយអន្តរាគមន៍ចំពោះការដំឡើងថ្លៃភាស៊ីខ្ពស់ ហួសហេតុពីសំណាក់ប្រធានផ្សារ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់ ដែលមិនអាចទ្រទ្រង់ថ្លៃចំណាយភាស៊ីនេះបានឡើយ ជាពិសេសនៅក្នុងអំឡុពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩។

ការស្នើសុំពីសំណាក់ក្រុមអាជីវករនេះ កើតឡើងក្រោយពីប្រធានផ្សារដងទង់ លោក ម៉ក់ ណុច តម្រូវឲ្យអាជីវករនៅតាមទីតាំងនីមួយៗ បង់លុយច្រើនជាងមុន និងគ្មានការបន្ធូបន្ធយនោះទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពោលគឺបើមិនព្រមបង់លុយតាមការទាមទារ គឺអាជីវករមិនអាចលក់ដូរនៅក្នុងផ្សារនេះឡើយ។

ក្រុមអាជីវករជាច្រើននាក់ បានសំណូមពរយ៉ាងទទូចដល់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាជួយបញ្ជូនមន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ឲ្យចុះពិនិត្យចំពោះសកម្មភាព និងទង្វើនេះជាបន្ទាន់ ខណៈក្រុមអាជីវករ បានដាក់ការសង្ស័យអំពីការកំណត់ភាស៊ីនេះ គឺមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់និវិយោគ ឬច្បាប់ពាណិជ្ជកម្ម ដែលបានព្រមព្រៀងគ្នាជាមួយក្រសួងមន្ទីរ និងស្ថាប័នពាក់ព័ន្ធនោះឡើយ។

ប្រភពពីអាជីវករសុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា ចំពោះអាជីវករលក់ខាងក្រៅផ្សារវិញ គឺតម្រូវឲ្យបង់ថ្លៃភាស៊ី ចាប់ពី ៥០០០រៀល រហូតទៅដល់ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ទៅតាមការលក់ដូរតូច និងធំ ដោយមិនមានការលើកលែងឡើយ សូម្បីកញ្ច្រែងល្អី និងលក់ដូរក្រោមឆ័ត្រ ជាដើម។ ចំណែកការលក់ទំនិញ ឬម្ហូបអាហារ និងសម្ភារផ្សេងៗ របស់អាជីវករមួយចំនួន នៅលើចិញ្ចើមផ្លូវ ចេញមកក្រៅគំនូសផ្លូវថ្នល់វិញ ក៏តម្រូវឲ្យបង់លុយខែ ចាប់ពី ៣ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ដោយគ្មានការតវ៉ាឡើយ។

ក្រុមអាជីវករបន្តទៀតថា អ្វីដែលពួកគាត់ កាន់តែមានការហួសចិត្តបន្ថែមទៀតនោះគឺ នៅក្នុង អំឡុងពេល មូលដ្ឋានខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា កំពុងមានការរាតត្បាត នៃជំងឺកូវីដ- ១៩នោះ បែរជា លោក ម៉ក់ ណុច ប្រធានផ្សារដងទង់រូបនេះ មិនបានបន្ធូរបន្ថយការយកលុយពីក្រុមអាជីវករនោះដែរ ពោលគឺប្រៀបដូចសង្កត់កអាជីវករថែមទៀត។

ជាមួយគ្នានេះ លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង មានប្រសាសន៍ថា មន្ទីរនឹងធ្វើការផ្អាកអាជីវកម្មវិនិយោគនេះភ្លាមៗ ប្រសិនបើមន្ត្រីជំនាញរកឃើញថា ការធ្វើអាជីវកម្មនេះមានសកម្មភាពខុសបែបបទ ក្នុងសៀវភៅបញ្ជីពាណិជ្ចកម្ម បើដូចការចោទរបស់ក្រុមអាជីវករផ្សារដងទង់បានលើកឡើងមែននោះ។

លោកបន្តថា កន្លងមក រូបលោក ពុំដែលទទួលបានរបាយការណ៍ ឬវិកយប័ត្រណាមួយ ស្តីពីការទារពន្ធភាស៊ីពីក្រុមអាជីវករផ្តល់ជូនតាមរយ:អាជ្ញាធរអ្នកពាក់ព័ន្ធលើករណីមានភាពមិនប្រក្រតី ដែលបានកើតមាននៅផ្សារដងទង់នេះម្តងណាទេ។

គួរបញ្ជាក់ថា បើតាមលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ករណីនេះ រូបលោកធ្លាប់បានកោះអញ្ជើញ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់នេះ មកណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារកន្លងមកហើយដែរ ប៉ុន្តែរូបគាត់នៅតែផ្គើន និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×