Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​រោងចក្រ សហគ្រាស​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ប៉ុន្តែ​បងប្អូន​កម្មករនិយោជិត​តម្រូវ​ឲ្យធ្វើការ​ឆ្លាស់​វេន​គ្នា​រៀងរាល់ ២​សប្តាហ៍​ម្តង​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​រោងចក្រ សហគ្រាស​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ប៉ុន្តែ​បងប្អូន​កម្មករនិយោជិត​តម្រូវ​ឲ្យធ្វើការ​ឆ្លាស់​វេន​គ្នា​រៀងរាល់ ២​សប្តាហ៍​ម្តង ក្នុងនោះ​អ្នកមាន​អាទិភាព​ក្នុង​២​សប្តាហ៍​ដំបូង គឺ​កម្មករនិយោជិត​ដែល​បញ្ចប់​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ដូ​ស​ទី​២​។​

​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៣​និង​៣០​រសៀល ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណ​:​កម្ម​ការប្រឹក្សា​ការងារ បាន​អ​ញ្ជេី​ញ​បេី​ក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ អាណត្តិ​ទី​១០ លើក​ទី​១ តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ដែលមាន​សមាសភាព​ត្រីភាគី​ចូលរួម ២៨​រូប ដើម្បី​ពិភាក្សា​លើ​វិធាន​អនាម័យ និង​សុវត្ថិភាព​ការងារ នៅពេល​បើក​ដំណើរការ​សកម្មភាព អាជីវកម្ម​ឡើងវិញ​របស់​រោងចក្រ​ស​ហ​គ្រាស ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ដោយ​វិធានការ​រដ្ឋបាល និង​បានចេញ​សេចក្តីថ្លែងការណ៍​របស់​គណ​:​កម្ម​ការប្រឹក្សា​ការងារ សម្រាប់​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ៖ អង្គប្រជុំ​ទាំងមូល​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាពរ​បស់បង​ប្អូន​កម្មករនិយោជិត តាមរយៈ​ការបន្ត​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​បងប្អូន​កម្មករនិយោជិត ជាពិសេស​កម្មករនិយោជិត​ដែល​រស់នៅក្នុង​តំបន់​ក្រហម ព្រមទាំង​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​សម្រាប់​បងប្អូន​ក​ម្មករ​និយោជិត​នៅ​តំបន់​បិទ​ខ្ទប់​។​

​ក្រោយពី​បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ និង​ដើម្បី​ធានាបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់ កម្មករនិយោជិត និរន្តរភាព​នៃ​ផលិតកម្ម និង​ភាព​អាច​ព្យាករណ៍​បាន​នៃ​ការផ្គត់ផ្គង់​ទំនិញ ក៏ដូច​ជា​ចូលរួម​ទប់ស្កាត់​ការឆ្លង រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប អង្គ​ប្រជុំបាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ ដូចខាងក្រោម​៖

​ក​. វិធានការ​រដ្ឋបាល​នៅពេល​មាន​ករណី​វិជ្ជមាន​នៅតាម​រោងចក្រ សហគ្រាស​

​អង្គប្រជុំ​តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី កំណត់​នូវ​លក្ខណវិនិច្ឆ័យ​ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន និង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​រោងចក្រ សហគ្រាស ដែលមាន​កម្មករនិយោជិត​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ខ​. កិច្ចព្រមព្រៀង​អំពី​ការបើក​ដំណើរការ​សកម្មភាព​អាជីវកម្ម​ឡើងវិញ​របស់​រោង​ចក សហគ្រាស ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ដោយ​វិធានការ​រដ្ឋបាល នៅពេល​បើក​ដំណើរការ​សកម្មភាព​អាជីវកម្ម​ឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖

១. បែងចែក​កម្មករនិយោជិត​ចំនួន ៥០%​នៃ​កម្មករនិយោជិត​សរុប ឱ្យ​ធ្វើការ​ឆ្លាស់​វេន​គ្នា​រៀងរាល់ ២​សប្តាហ៍​ម្តង​។ ការជ្រើសរើស​កម្មករ​និយោជិត​ដែល​ត្រូវ​ចូលធ្វើការ​វេន​ទី​១ (២​សប្តាហ៍​ដំបូង​) គឺ​ត្រូវ​ផ្តល់​អាទិភាព​ទៅលើ​កម្មករនិយោជិត​ដែល (១) បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២, (២) បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១, (៣) មិន​ស្ថិតនៅក្នុង​តំបន់​ដែល​តម្រូវឱ្យ​ផ្តល់​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ឬ (៤) បានផ្តល់​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (​មាន​ចុង​លិខិតបញ្ជាក់​ដោយ​ក្រុមគ្រូពេទ្យ​មាន​សមត្ថកិច្ច យក​សំណាក ឬ​ដោយ​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​។​

២. ផ្តល់ប្រាក់​ឈ្នួល​ចំនួន ៥០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា (​ប្រាក់​ឈ្នួល​អប្បបរមា បូក​នឹង​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ប្រចាំខែ​ផ្សេងៗ ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​នាពេល​កន្លងមក​) ដោយ​រក្សាទុក​នូវ​អត្ថប្រយោជន៍​ប្រចាំខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដូចជា ការ​ថែម​ម៉ោង​ចំនួន ២​ម៉ោង​ក្នុង​១​ថ្ងៃ និង​ការ ថែម​ម៉ោង​នៅ​ថ្ងៃអាទិត្យ ។​ល​។ របស់​កម្មករនិយោជិត​។​

៣. ផ្តល់​ម៉ាស​យ៉ាងតិច​ចំនួន​១ ដល់​កម្មករនិយោជិត​នៅក្នុង​អំឡុង​ម៉ោង​ការងារ និង​ត្រូវ​ណែ​នាំឱ្យ​កម្មករនិយោជិត ពាក់​ម៉ាស​ជាប្រចាំ​នៅក្នុង​កន្លែង​ការងារ និង​ពេល​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន ឬ​រួមគ្នា​។

៤. រៀបចំ​ឱ្យមាន​ការបាញ់​អាល់កុល​លើ​ដៃ និង​ដងខ្លួន ព្រមទាំង​ការ​វាស់​កម្ដៅ​មុនពេល​ចូលធ្វើការ និង​ក្រោយ ពេល​អាហារ​ថ្ងៃត្រង់ បន្ថែម​ឧបករណ៍​បាញ់​អាល់កុល​នៅក្នុង​អាគារ​ផលិតកម្ម និង​សាប៊ូ​លាងដៃ​នៅក្នុង បន្ទប់ទឹក​។ បាញ់​អាល់កុល​ម្តងទៀត​នៅពេល​ចេញពី​ធ្វើការ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ពេល​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន ឬ​រួមគ្នា​។​

៥. បែង​ចែកវេន​សម្រាប់​ការបរិភោគ​អាហារ​ថ្ងៃត្រង់​របស់​កម្មករនិយោជិត​ផ្សេងៗ​គ្នា និង​រៀបចំ​ឃាំង​រនាំង (​ប្រសិនបើ​អាច​) ឬ​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​នៅពេល​អង្គុយ​បរិភោគ​អាហារ​ថ្ងៃត្រង់ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​កម្មករ និយោជិត​យក​អាហារ​ពី​ផ្ទះ​មក​រៀងៗ​ខ្លួន ជៀសវាង​ការចេញ​ទៅ​ទិញ​អាហារ​នៅ​ខាងក្រៅ​រោងចក្រ​។​

៦. រៀបចំ​ឱ្យមាន​ច្រកចេញចូល​បន្ថែម​ឬ​បែងចែក​ពេលវេលា ឬ​មធ្យោបាយ​ដែល​អនុញ្ញាតឱ្យ​កម្មករនិយោជិត ដែល​មក​បំពេញការងា​រ​អាច​ចេញចូល​រោងចក្រ និង​ទីតាំង​ផលិតកម្ម​បាន​ដោយ​សុវត្ថិភាព និង​មិន​មានការ​ប្រជ្រៀត​គ្នា​។​

៧. គ្រប់គ្រង​ប្រព័ន្ធ​ខ្យល់​ចេញចូល​ក្នុង​ទីតាំង​ផលិតកម្ម​ឱ្យបាន​ល្អ និង​រៀបចំ​ឱ្យមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា ប្រចាំ​សប្ដាហ៍​។​

៨. ជួយ​សម្របសម្រួល​កម្ម​ករ​និយោជិត ក្នុង​ការចរចា​ជាមួយ​អ្នកផ្តល់​សេវា​ដឹកជញ្ជូន​កម្មករនិយោជិត​ឱ្យ​ផ្ដល់ អាល់កុល​លាងដៃ​មុនពេល​ឡើង​យានយន្ត និង​លាង​សម្អាត​យានយន្ត​នៅពេល​ដាក់​កម្មករនិយោជិត​ចុះ​។​

៩. ផ្តល់​បញ្ជី​ឈ្មោះ​កម្មករនិយោជិត (​ដូច​មាន​ក្នុង​បញ្ជី​បើកប្រាក់​ឈ្នួល​ប្រចាំ​ខែមីនា​) និង​ឈ្មោះ​ពេទ្យ ឬ​គិលានុបដ្ឋាក ប្រចាំ​រោងចក្រ តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មិន​គិតថ្លៃ​សេវា (http://lacms.mlvt.gov.kh/registration/upload/excel) ដើម្បី​ងាយស្រួល​ដល់​ការធ្វើអន្តរាគមន៍​ណាមួយ​ក្នុងករណី​ចាំបាច់​។​

១០.​រៀបចំ​ឱ្យមាន​បុគ្គលិក​ផ្នែក​រដ្ឋបាល​យ៉ាងតិច ២​នាក់ ដើម្បី​ផ្ដល់ព័ត៌មាន​ប្រចាំ​សប្ដាហ៍​អំពី​ការអនុវត្ត​វិធានការរបស់​រោងចក្រ និង​អំពី​ករណី​សង្ស័យ​វិជ្ជមាន​វីដ​-១៩ ឬរ​ពី​ការដាក់ឱ្យ​កម្មករនិយោជិត​ណា​ម្នាក់​ធ្វើ​ឲ​ត្តា​ឡឺ​សឹកនៅផ្ទះ​។​

១១. បម្រុង​ទុក​នូវ​ឧបករណ៍​យក​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល ចំនួន ១០% នៃ​កម្មក​វ​និយោជិត​សរុប​របស់​រោងចក្រ ដើម្បី​ពេទ្យ​ការងារ និង​ពេទ្យ​ប្រចាំ​រោងចក្រ​ធ្វើ​ការយក សំណាក ក្នុងករណី​ចាំបាច់​ដូច​មាននៅ​ក្នុង​ចំណុច​ទី​១២ និង​១៣​។​

១២.​ត្រូវយក​សំណាក ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ រៀងរាល់​សប្តាហ៍​ចំពោះ​បុគ្គល ដូចខាងក្រោម​៖

  • កម្មករនិយោជិត​ដែល​ធ្វើការ​ចល័ត​ពី​អគារ​មួយ​ទៅ​អគារ​មួយ​
  • កម្មករនិយោជិត​ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​ខាងក្រៅ ជាពិសេស​បុគ្គល​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស
  • កម្មករនិយោជិត​ដែល​ធ្វើការ​នៅ​អាហា​រដ្ឋា​ន​
  • សន្តិសុខ ឬ​អ្នក​អនាម័យ​ដែល​ផ្តល់​សេវា​ឆ្លង​អគារ​
  • កម្មករនិយោជិត​ដែល​ទទួលបន្ទុក​បាញ់សម្លាប់​មេរោគ និង​វាស់​កម្ដៅ​។​

១៣.​លើកទឹកចិត្ត​ដល់​រោងចក្រ សហគ្រាស ឱ្យ​យក​សំណាក​កម្មករនិយោជិត​របស់ខ្លួន​ដើម្បី​វិភាគ​រក​មេរោគ កូ​វីដ​-១៩ រៀងរាល់ខែ ចំនួន ១០% (Random Test)​។​

១៤. ស្នើសុំ​រាជរដ្ឋាភិបាល​ជួយផ្ដល់​ការឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ជូន​បងប្អូន​កម្មករនិយោជិត​នៅក្នុង​អំឡុង ពេល​ផ្អាក​សកម្មភាព​អាជីវកម្ម ឬ​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ឬ​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​លក្ខខណ្ឌ​នៃ​ការ​បែង​ចែង​វេន​ការងារ​រៀងរាល់ ២​សប្តាហ៍​ម្តង ត្រូវបាន​លើកលែង​ចំពោះ​រោងចក្រ ដែលមាន កម្មករនិយោជិត​យ៉ាងតិច ៨០% នៃ​ចំនួន​កម្មករនិយោជិត​សរុប​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គ្រប់​ដូ​ស ឬ​ប្រភេទ រោងចក្រ ដែលមាន​វិធានការ​សុខភាព និង​សុវត្ថិភាព​ការងារ​តឹងរឹង​ក្នុងការ​ការពារ​កម្មក​រ​និយោជិត​ពី​ការកើត ឬ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ទទួលបាន​ការអនុញ្ញាត​ពី​អធិការ​ការងារ​។ កម្មករនិយោជិត ដែល​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រដែល​ត្រូវបាន​បិទ​ខ្ទប់​ដោយ​វិធានការ​រដ្ឋបាល​មិនត្រូវ​បាអនុញ្ញាតឱ្យមក​បំពេញការងារ​នៅក្នុង​រោងចក្រ សហគ្រាស​ដូច​បានកំណត់​ខាងលើ​បានឡើយ​។​

​អង្គប្រជុំ​ស្នើសុំ​រាជរដ្ឋាភិបាល​បន្ត​ផ្តល់​អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​កម្មករ​និយោជិត​ជាពិសេស​កម្មករនិយោជិត​រោងចក្រ​, អ្នក​ដឹកជញ្ជូន​កម្មករនិយោជិត និង​អ្នករត់​កង់​បី​, អ្នកស្នាក់នៅ​តំបន់​ផ្ទះជួល​, អ្នកលក់ដូរ​ជុំវិញ​រោងចក្រ​, អាជីវករ​នៅតាម​ផ្សារ​នានា​, បុគ្គលិក​បម្រើការ​នៅតាម​ភោជនីយដ្ឋាន រមណីយដ្ឋាន និង​សណ្ឋាគារ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×