ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀងចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុងតំបន់ “ក្រហម”។

ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី ០៤ ឧសភា ២០២១នេះ៕
រក្សាសិទ្ធិដោយ៖CEN



