Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែស្វយ័តភ្នំពេញ រកបានប្រាក់ចំណេញ ជិត១០លានដុល្លារនៅឆ្នាំ២០២០

ភ្នំពេញ៖ ទោះបីជាឆ្នាំ២០២០ រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះថា ឆ្នាំ២០២០កន្លងទៅ, កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន ២៩០.៨៥៧ (ពីររយកៅសិបពាន់ ប្រាំបីរយហាសិបប្រាំពីរ) TEUs ដែលអនុវត្តបាន៩៤% ធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើងចំនួន៣,៤៩% ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជីលក់មូលបត្រជាសាធារណៈ នៅលើផ្សារមូលបត្រកម្ពុជា នៅចុងឆ្នាំ២០១៥មក ស្របតាមលក្ខន្តិកៈរបស់ កំពង់ផែស្វយ័តភ្នំពេញ និងបទប្បញ្ញត្តិពាក់ព័ន្ធ របស់និយ័តករមូលបត្រកម្ពុជា។
ក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៦ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធនេះ, ឯកឧត្តម ហ៊ឺ បាវី ជាប្រធាន មហាសន្និបាតនោះ បានបង្ហាញថា ចំពោះលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩.៨៦០.៨៧៥ (ប្រាំបួនលាន ប្រាំបីរយ ហុកសិបពាន់ប្រាំបីរយចិតសិបប្រាំ) ដុល្លារអាមេរិក ដែលអនុវត្តបាន ៨៩% នៃផែនការឆ្នាំ២០២០ និងថយចុះចំនួន១៤% ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

ឯកឧត្តម បានលើកឡើងថា «ក្នុងឆ្នាំ២០២០កន្លងទៅ ដែលជាឆ្នាំរងផលប៉ះពាល់ពីវិបត្តិនៃជម្ងឺកូវដី-១៩ ក៏ដោយ, ក៏អាជីវកម្ម/ប្រតិបត្តិការរបស់យើង នៅតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ និងទទួលបាននូវប្រាក់ចំណេញផង តាមរយៈការដាក់ ចេញនូវវិធានការឆ្លើយតបភ្លាមៗ និងទាន់ពេលវេលា ដូចជា ការកែសម្រួលផែនការឆ្នាំ២០២០ អនុវត្តគម្រោងណាដែលចាំបាច់ បម្រើដល់ការងារអាជីវកម្ម/ប្រតិបត្តិការ ការកាត់បន្ថយចំណាយមិនចាំបាច់ ក៏ដូចជាតាមរយៈការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងបងប្អូនកម្មករ និយោជិតរបស់យើង ដែលបាន រួមចំណែកក្នុងការកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនផងដែរ»។

កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២១នេះ ក្នុងនោះរួមមាន ការងារពង្រីកចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ ចំនួន៥០០.០០០ (ហាសិបម៉ឺន) TEU ក្នុងមួយឆ្នាំ, ការបង្កើតចំណតផែរណបនៅទីតាំងគីឡូម៉ែត្រលេខ៦, ចំណតផែទន្លេបិទ UM២, ចំណតផែកោះរកា, និងការធ្វើទំនើបកម្មចំណតផែពហុបំណង TS៣ ដើម្បីឱ្យក្លាយទៅជាចំណត ផែទេសចរណ៍ អន្តរជាតិ TS៣, ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះ លើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជន ឱ្យមកប្រើសេវាកំពង់ផែបន្ថែមទៀត៕រក្សាសិទ្ធិដោយ៖CEN

×