ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រគល់ស្បៀងអាហារ និងសម្ភារៈការពារជំងឺកូវីដ-១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

សមាគមធនាគារនៅកម្ពុជា បានបរិច្ចាកថវិកាចំនួន ១០,០០០,០០០ រៀល រួមជាមួយអង្ករ ២៣ តោន, ត្រីខកំប៉ុង ១.១២៩កេស, ម៉ាស់ចំនួន ៥,៧០០កេស, ទឹកអាល់កុលលាងសម្អាតដៃ ២,៧០០ ដប និងអាល់ កុល ចំនួន ១.២០០ លីត្រ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមធនាគារនៅកម្ពុជា ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជំងឺជំងឺកូវីដ-១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភនិងសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវីរុសកូវីដ-១៩ និងចាត់វិធានការទប់ស្កាត់ការរីករាល ដាលនៃមេរោគកូវីដ-១៩នេះ។

លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធាន ការទប់ស្កាត់ការរីករាលដាលនៃវីរូសកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ឯកឧត្តមបញ្ជាក់ថា៖«ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-I9) ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។»

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជាបានថ្លែងថា៖«ដូចដែលយើងទាំងអស់គ្នាបានឃើញហើយថា ប្រទេសកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ដែលបានឆ្លងក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈដែលហៅថាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការឆ្លងរាលដាលនិងផលប៉ះពាល់នៃវីរុសកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយទេ ខណៈពេលដែលករណីវិជ្ជមានកូវីដ-១៩ និងចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងទៅលើសុខភាពសាធារណៈ។ ដូច្នេះការចូលរួមចំណែកនេះ នឹងជួយដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយនិងសម្រាល បន្ទុករបស់ប្រជាជនកម្ពុជាដែលកំពុងត្រូវការការគាំទ្រក្នុងកំឡុងពេលបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។»៕
រក្សាសិទ្ធិដោយ ៖ CEN







