Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង ជាការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ថា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទីផ្សារ​លក់​កសិ ផល​រប​ស់​កម្ពុជា ចំពោះមុខ​នេះ ការនាំចេញ​កសិផល​ចេញ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ប្រទេសជិតខាង គឺជា​ការចាំបាច់​បំផុត​ដើម្បី​ធានាបាន​ប្រាក់ចំណូល និង​រក្សាបាន​នូវ​ស្ថិរភាព​ជីវភាព​របស់​កសិករ​នៅតាម​ជនបទ​។​

​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា បានធ្វើ​នាំចេញ​ស្រូវ​ចំនួន ប្រមាណ ១,៥២​លាន​តោន ទៅកាន់​ប្រទេសជិតខាង ពោលគឺ​ប្រទេស​វៀតណាម​តែម្តង ដែល​នៅក្នុង​រយៈពេល ៤​ខែ​ឆ្នាំ ២០២១​នេះ បាន​នាំចេញ​ស្រូវ​កើនឡើង​ដល់ ៧៣,១៥​ភាគរយ បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២០​កន្លងទៅនេះ​។ តាម​ការប៉ាន់ស្មាន គឺ​ការនាំចេញ​ស្រូវ​មានតម្លៃ​ប្រមាណ ២២១​លាន​ដុល្លារ​។​

កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​ស្រូវ​មាន​ប្រមាណ ២,៨៩​លាន​តោន ដែលមាន​តម្លៃ ៧២៣​លាន​ដុល្លារ ហើយ​ការនាំចេញ​ស្រូវ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ប្រទេសជិតខាង ជាពិសេស ប្រទេស​វៀតណាម​។ ចំណែក​ការនាំចេញ​អង្ករ​សរុប​ប្រមាណ ៦៩​ម៉ឺន​តោន ដែលមាន​តម្លៃ​ជិត ៥៣៩​លាន​ដុល្លារ​អាមេរិក​។ តួលេខ​នៃ​ការនាំចេញ​នេះ កើនឡើង ១១,៤០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល ៤ ខែ​ឆ្នាំ ២០២១​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​បរិមាណ​ជាង ១៩​ម៉ឺន​តោន ធ្លាក់ចុះ​ជាង ៣៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ តួលេខ​នៃ​ការនាំចេញ​អង្ករ​នេះ មានតម្លៃ​ប៉ាន់ស្មាន​ប្រមាណ ១៦១,៦៩​លាន​ដុល្លារ​។​

​ឯកឧត្តម វេ​ង សាខុន បាន​ប្រសាសន៍ថា ដោយសារ​ឥណទាន ដែល​បាន​ផ្តល់ជូន​ដល់​ការកែឆ្នៃ​ផលិត ផល​ក្នុងស្រុក នៅមានកម្រិត ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការប្រមូលទិញ​ស្តុក និង​ការកែឆ្នៃ​របស់​កម្ពុជា ពុំទាន់​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រមូលទិញ​កសិផល​ពី​កសិករ​ផលិត​បាន ដែលមាន​សន្ទុះ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នោះឡើយ​។ ឯកឧត្តម វេ​ង សាខុន បាន​អះអាងថា បើទោះបីជា​យ៉ាងនេះ​ក្តី ដើម្បី​ដោះស្រាយ​កំណើន​ផលិតផល​កសិកម្ម​ជា​រៀងរាល់ឆ្នាំ និង​ការ​ចាល់ នៅលើ​ទីផ្សារ រាជរដ្ឋា ភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់ និង​ខិតខំ​បញ្ចេញ​កញ្ចប់ ថវិកាជាតិ​ជា​បន្តបន្ទាប់ ផ្តល់​ទៅដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ធនាគារ​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា សម្រាប់​ផ្តល់​ឥណទាន​សម្បទាន ជូន​ដល់​កសិករ រោង​ម៉ាស៊ីន​ស្រូវ សហគមន៍​កសិកម្ម វា​រី​វប្បករ និង​សហគ្រាស​ធន់​តូច និង​មធ្យម ដើម្បី​ប្រមូល​ទិញ​កសិផល​ក្នុងស្រុក សម្រាប់​ស្តុក និង​ការវិនិយោគ​លើ​ការសាងសង់​រោងចក្រ​កែច្នៃ​កសិផល ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​តម្លៃបន្ថែម បង្កើត​ឱកាស​ការងារ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ចង្វាក់​ផលិតកម្ម និង​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព​។​

​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការធ្លាក់ចុះ​បរិមាណ​នៃ​ការនាំចេញ​អង្ករ​នៅ​ដើម​ឆ្នាំនេះ គឺ​បណ្តាលមកពី​ឧ​ប សគ្គ​នៃ​ការបញ្ជូន​ទំនិញ​ទៅកាន់​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស ជាពិសេស​ទៅកាន់​បណ្តា​ប្រទេស​គោលដៅ​នៅក្នុង​សហគមន៍​អឺរ៉ុប ដោយសារតែ​កង្វះ​កុងតឺន័រ​សម្រាប់​ផ្ទុក​អង្ករ និង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៅតែ​បន្ត​មានតម្លៃ​ខ្ពស់​ធៀប​ទៅ​រយៈពេល​ដូចគ្នា ៥​ឆ្នាំ​ចុងក្រោយ ដែលមាន​គម្លាត​ខ្ពស់ជាង​រហូតដល់​ជាង ៥​ដង​៕​

រក្សាសិទ្ធិដោយ ៖ CEN

×