Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្តល់​ឱកាស​រៀនសូត្រ​ដល់​កុមារ​ក្រីក្រ​ជួយ​ឱ្យ​លោកគ្រូ ឡុ​ញ នាង ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពលរដ្ឋ​គំរូ Smart

spot_img

​ភ្នំពេញ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១៖

​ការជួយ​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​ឱ្យទទួល​បាន​ឱកាស​រៀនសូត្រ​និង​ការលើកទឹកចិត្ត​សិស្ស​មិនឱ្យ​បោះបង់​ការសិក្សា គឺជា​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​លោកគ្រូ ឡុ​ញ នាង ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

​ឥឡូវនេះ លោកគ្រូ​បានជា​ប់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​បើ​លោកគ្រូ​ត្រូវបាន​គេ​ជ្រើសរើស​ជា​ជ័យលាភី លោកគ្រូ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​។​

​ជា​គ្រូបង្រៀន​តាំងពី​ឆ្នាំ​១៩៨១ លោកគ្រូ​ឆ្លងកាត់​បទពិសោធ​និង​មាន​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​អប់រំ រហូតដល់​លោកគ្រូ​ត្រូវបានតែងតាំង​ជា​នាយក​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ក្រាំង​យ៉ូ​វ ក្នុង​ឆ្នាំ​១៩៩៩​។
​ក្នុងតួនាទី​ជានា​យក លោកគ្រូ ឡុ​ញ នាង និង​លោកគ្រូ​អ្នកគ្រូ​ជា​សហការី​របស់លោក​បាន​ផ្តួចផ្តើម​គំនិត​ជាច្រើន​ដើម្បី​ជួយ​ធ្វើឱ្យ​ការអប់រំ​នៅក្នុង​មូលដ្ឋាន​មាន​ភាព​រីកចម្រើន​។​

​លោកគ្រូ​ថ្លែងថា​៖ “​ដំបូង​ហ្នឹង​យើង​បាន​សហការគ្នា​រក​គន្លឹះ​យ៉ាងម៉េច​ដើម្បី​រកឱ្យឃើញ​នូវ​បញ្ហា​ប្រឈម​របស់​សិស្ស និង​អាណាព្យាបាល​។​” លោក​បន្ថែមថា​៖ “​ទីមួយ​គឺ​កត្តា​ជីវភាព​ហ្នឹង​តែម្តង​។ អញ្ចឹង គាត់​មក​រៀន​មិន​ពេញលេញ​ដោយសារ​ជីវភាព​គាត់​នឹង​វា​ខ្វះខាត​។ អញ្ចឹង​គាត់​អាច​រៀន​ព្រឹក ហើយ​ល្ងាច​គាត់​ទៅ​ជួយ​ស្ទូង​ដក​ស៊ីឈ្នួល​គេ​អ៊ីចឹងទៅ ហើយ​បើ​រៀន​ល្ងាច ពេលព្រឹក​គាត់​ទៅ​អញ្ចឹង​ទៅ​”​។​

​គំនិត​ផ្តួ​ត​ផ្តើម​ទាំងនេះ​រួមមាន​សិស្ស​ខ្សោយ​និង​សិស្ស​ក្រីក្រ​ដែលមាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ និង​២ ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​មូលដ្ឋាន នឹង​ទទួលបាន​ការរៀន​គួរ និង​ផ្ញើ​កង់​នៅ​សាលារៀន​ដោយ​ឥតគិតថ្លៃ អាណាព្យាបាល​សិស្ស​ដែល​ទទួល​មណរ​ភាព​នឹង​ទទួលបាន​ប្រាក់ ១០​ម៉ឺ​រៀល ជួយឧបត្ថម្ភ​សិស្ស​ពី ១០ ទៅ ១៥​នាក់​ក្នុង​មួយខែ​តាមរយៈ​ការទិញ​សម្ភារ​សិក្សា និង​កង់​សម្រាប់​ពួកគេ លើកទឹកចិត្ត​សិស្ស​មិនឱ្យ​បោះបង់​ការសិក្សា និង​ជួយ​ការងារ​សហគមន៍​មួយចំនួន​ទៀង​ផងដែរ​។​

​កុមារា ណន វ៉ាន់ដា អាយុ ១៦​ឆ្នាំ គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុ​ញ នាង​។ សព្វថ្ងៃ វ៉ាន់ដា ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ក្រាំង​យ៉ូ​វ​។​

​កុមារា​ដែល​កើតមក​មានតែ​ដៃ​ម្ខាង​ពី​កំណើត​ម្នាក់នេះ ជួបប្រទះ​ការលំបាក​ខ្លាំង​នៅក្នុង​ជីវភាព​គ្រួសារ ខ្វះ​សម្ភារ​សិក្សា និង​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលា​។​

​អង្គុយ​ក្រោមផ្ទះ​តូច​មួយ​ដែល​សាងសង់​ក្រោម​គម្រោង​របស់​អង្គការ​សប្បុរសធម៌ វ៉ាន់ដា ថ្លែងថា​៖ “​ខ្ញុំ​ធ្លាប់​គិតថា ម៉ែ​គាត់​អត់លុយ​ឱ្យទៅ​រៀន​ចឹ​ង ខ្ញុំ​ចង់តែ​ឈប់រៀន​។ [​ខ្ញុំ​គិតបែបនេះ​] ចង់​រាល់​ឆ្នាំ​។ ពេលខ្លះ អត់លុយ​ចឹ​ង មាន​អារម្មណ៍​ថា ចង់​ឈប់រៀន​ទៅ កាត់បន្ថយ​ការចំណាយ​គាត់ ហើយ​សល់​លុយ​ខ្លះ​”​។​

​តែ​ឥឡូវនេះ វ៉ាន់ដា មាន​ភាព​ធូរស្រាល​ខ្លះ បន្ទាប់ពី​កុមារា​រូបនេះ​ទទួលបាន​ការរៀន​គួរ​ដោយ​មិន​អស់ប្រាក់ សម្ភារ​សិក្សា​មួយចំនួន និង​ទទួលបាន​កង់​មួយ​សម្រាប់​ជិះ​ទៅ​រៀន​ពី​លោកគ្រូ ឡុ​ញ នាង​។ ប្អូនស្រី​របស់ វ៉ាន់ដា គឺ​កុមារី ណន រក្សា អាយុ ១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ក៏​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុ​ញ នាង ផងដែរ​។​

​អ្នកនាង អុល យូ​រ៉ា គឺជា​អតីត​សិស្ស​ក្រីក្រ​ដែល​ធ្លាប់​ទទួលបាន​ជំនួយ​ពី​ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង​។ ស្ត្រី​វ័យ ៣០​ឆ្នាំ​រូបនេះ​បាន​រំឭក​រឿងរ៉ាវ​អតីតកាល​ថា កាល​អ្នកនាង​រៀន​នៅ​ថ្នាក់​ទី​៩ ក្នុង​ឆ្នាំ​២០០៨ អ្នកនាង​ជួប​ការលំបាក​ខ្លាំង​ខាង​ផ្នែក​ជីវភាព និង​រស់នៅ​ជាមួយ​ជីដូន ដោយសារ​ម្តាយ​បានទទួល​មរណភាព​ហើយ​ម្ដាយ​គាត់​ក៏បាន​លែងលះគ្នា​ជាមួយ​ឪពុក​តាំងពី​អ្នកនាង​នៅ​តូច ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​គាត់​ចង់​ឈប់រៀន​ព្រោះ​មិនដឹងថា​គួរ​ទៅ​រស់នៅ​ជាមួយ​អ្នកណា​។​

​ដោយ​ឃើញ​ស្ថានភាព​បែបនេះ ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង បាន​ទៅ​ជួប​គាត់​ដើម្បី​លួងលោម និង​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​គាត់​បន្ត​ការសិក្សា ដោយមាន​ការផ្តល់ជូន​ជា​ថវិកា និង​សម្ភារ​សិក្សា​រហូតដល់​អ្នកគ្រូ​បានបញ្ចប់​វិទ្យាល័យ និង​ប្រឡង​ជាប់​ក្លាយជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​។ សព្វថ្ងៃ​អ្នកនាង​បង្រៀន​នៅ​សាលាបឋមសិក្សា​ឱង្កា​រាម​។​

​អ្នកនាង​ថ្លែងថា​៖ “​សម្រាប់​ខ្ញុំ ការជួយជ្រោមជ្រែង​នេះ​មាន​ទំហំធំធេង​។ ខ្ញុំ​អាច​រៀន​មកដល់​ថ្ងៃនេះ ដោយសារ​មានការ​ជ្រោមជ្រែង​ខ្លាំងណាស់​ពី​គណៈ​គ្រប់គ្រង​សាលា​”​។​

​ក្រៅពី​ប្រើប្រាស់​ប្រាក់​អាហា​រូ​ករ​ណ៍ ១៨​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​សិស្ស ៩០​នាក់ (​សិស្ស​ថ្នាក់​ទី​៧ ទី ៨ និង​ទី ៩) ក្នុង​មួយឆ្នាំ ដែល​ក្រសួង​ផ្តល់ជូន​សិស្ស​ក្រីក្រ ថវិកា​ដែល​ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង ប្រើប្រាស់​សម្រាប់​សកម្មភាព​សប្បុរសធម៌​នេះ គឺ​បានមកពី​ប្រាក់ចំណូល​ពី​ការផ្ញើ​កង់​ម៉ូតូ វិភាគទាន​ទីតាំង​អាហា​រដ្ឋា​ន​នៅក្នុង​សាលា និង​ប្រាក់​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ​សហគមន៍ ជាពិសេស​ពី​អតីត​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពីសា​លា​នេះ​។​

​បើទោះជា​លោកគ្រូ ឡុ​ញ នាង បាន​ចូលនិវត្តន៍​ក្នុងពេល​ថ្មីៗ​នេះ​ទៅហើយ​ក្តី តែ​លោក​ថ្លែងថា លោកនាយក​ថ្មី​នឹង​បន្ត​អនុវត្ត​សកម្មភាព​សប្បុរសធម៌​ទាំងនេះ​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍​របស់ខ្លួន​។​

​ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។​

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោកគ្រូ ឡុ​ញ នាង សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖

https://fb.watch/5kzs1Odxf6/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

ក្រុមហ៊ុន Smart
គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។​

​នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!

-​ចប់​-

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ីមែល​៖​ ​koam.tivea@smart.com.kh

spot_img
×