Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុតកម្ពុជា កម្ពុជា នាំចេញផ្លែស្វាយស្រស់ចំនួន ៨០តោន ទៅកាន់ទីផ្សារចិនជាផ្លូវការ

spot_img

ភ្នំពេញ ៖ កម្ពុជា នាំចេញផ្លែស្វាយស្រស់ចំនួន ៨០តោន ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការហើយ បន្ទាប់ពីមន្ត្រីជំនាញប្រទេសទាំងពីរចំណាយពេលចរចាគ្នាអស់ រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។

ការនាំចេញផ្លែស្វាយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ហ៊ុនទី នៅថ្ងៃទី ៧ខែឧសភា ឆ្នាំ ២០២១នេះ ដោយមានការចូលរួមដោយផ្ទាល់ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រព័ន្ធអនឡាញនិង មានការចូលរួម ពីមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីមួយទៀត ដែលប្រទេសទាំងពីរសម្រេចបាន។ នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។

លោកឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។

លោកថ្លែងថា សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។

កម្ពុជា និងចិន បានចុះពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថាព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចម្ការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថាកសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

បន្ថែមលើនេះលោក វេង សាខុន ក៏បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុនម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់សជាង ១៤ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស បានកើនឡើង ២៣៩,១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ចំពោះទីផ្សារដែលកម្ពុជា នាំចេញក្នុងនោះរួមមាន៖ ទីក្រុងហុងកុង ចំនួនជាង ៤៦តោន, កូរ៉េ ចំនួនជាង ១២៤តោន, គុយវ៉ែត ចំនួន ០,០១តោន, សិង្ហបុរី ចំនួនជាង ១៦តោន, ថៃ ចំនួន ជិត ២ម៉ឺនតោន និងវៀតណាម ចំនួនជាង ១២ម៉ឺនតោន។

ជាមួយគ្នានេះ ក៏មានការនាំចេញដំណាប់ស្វាយ ចំនួនជាង ៨.៤១៤តោន កើនឡើង ១៣២,៨៤ភាគរយ ក្នុងនោះ មាននាំចេញទៅប្រទេសចិន ចំនួន ៦.៧៥៤តោន។ ក្រៅពីនេះ ក៏មាននាំចេញទៅ ទីផ្សារជប៉ុន កូរ៉េ វៀតណាម ថៃ ហ្វីលីពីន និងសហរដ្ឋអាមេរិក។ ចំណែកការនាំចេញ ទឹកស៊ីរ៉ូស្វាយ មានចំនួនសរុបជាង ២.១៨៣តោន ក្នុងនោះ ប្រទេសចិន មានចំនួន ១៤៩តោន និងប្រទេសហ្វីលីពីន ចំនួនជាង ២.០៣៥តោន៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×