ភ្នំពេញ ៖ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅថ្ងៃសុក្រម្សិលមិញនេះ បានបំបែកកំណត់ត្រាថ្មី ដោយឡើងរហូតដល់ថ្លៃខ្ពស់បំផុត គឺ ១៥.២៦០៛ ដែលពុំធ្លាប់មានពីមុនមក។
គួររំលឹកផងដែរថា ថ្លៃIPO របស់ភាគហ៊ុននេះ គឺត្រឹម ៥.១២០៛ ក្នុងមួយហ៊ុន តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភាគហ៊ុនផ្សេងទៀតនៅលើទីផ្សារ ក្នុងថ្ងៃដដែលនេះ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) អេស៊ីលីដា (ABC) និងផេសថិក (PEPC) មានការកើនឡើងរហូតដល់ ៨.២៤០៛ ៤.៤២០៛ ១.៩៧០៛ ១៣.៨៨០៛ ១៦.៦០០៛ និង ៣.២០០៛ រៀងគ្នា ដោយមានកំណើនចន្លោះពី ២០៛ ដល់ទៅ ៥៤០៛ ក្នុងមួយហ៊ុន។
សន្ទស្សន៍ ផ.ម.ក. មានកំណើន ១,៣១% បន្ថែមទៀត ដោយឡើងរហូត ដល់ ៦៥៧,៤៦ ពិន្ទុ។ រីឯទំហំជួញដូរភាគហ៊ុនសរុបក៏មានកំណើនដល់ជាងមួយប៊ីលានរៀលផងដែរ ពោលគឺឡើងដល់ ១.០៤២,៣៨ លានរៀល ហើយភាគហ៊ុន PWSA បានគ្របដណ្តប់ដល់ទៅប្រមាណ ៤០% នៃទំហំជួញដូរភាគហ៊ុនសរុប៕រក្សាសិទ្ធិដោយ៖CEN

