Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ដគាំទ្រសកម្មភាព ថែរក្សាអភិរក្សសត្វដំរី

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីជំហរក្នុងការបន្ត ចូលរួមគាំទ្រ ដល់សកម្មភាពនានារបស់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដែលបាន ដើរតូនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សសត្វដំរី នៅក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់របស់ លោក រដ្ឋមន្រ្ដីនេះបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ អ្នកស្រី ចិន្តា ក្លេខៃ ប្រធាន សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានជម្រាបពីសកម្មភាពការងារ ដែលសមាគមមូលនិធិសម្រេចអនុវត្តន៍ បានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងកិច្ចការ ថែរក្សាការពារដំរី ឱ្យរស់នៅក្នុងព្រៃបានយ៉ាងល្អ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

អ្នកស្រី ចិន្តា ក្លេ ខៃ បានគោរពស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដើម្បីបន្តកិច្ច ការងារទៅមុខបន្ថែមទៀត ពិសេសទាក់ទងបញ្ហាថែរក្សា អភិរក្សដំរី នៅក្នុងប្រទេសកម្ពុជា ដោយធ្វើយ៉ាងណា ដើម្បីបង្កាត់ពូជឱ្យដំរី និងបានកើតកូន នៅក្នុងស្រុកខ្មែរ។

អ្នកស្រីបាន បន្ដថា បច្ចុប្បន្ននេះ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នៅខេត្តរតនគិរី បានចិញ្ចឹមដំរី ចំនួន០៣ ក្បាល រួមមាន ញី ០១ ឈ្មោល ០២ ក្បាល ហើយដំរីឈ្មោលបានបង្កាត់ពូជជាមួយដំរីញី រយៈពេលប្រមាណជាងមួយឆ្នាំរួចហើយ ដែលមកដល់ពេលនេះ ដំរីញី មានអាការៈខុសប្លែក ហាក់ដូចជាពោះធំ។ ដូច្នេះ នៅសល់តែរយៈ ពេលប៉ុន្មានខែទៀត និងទទួលបានដំណឹងល្អពីដំរីញីនេះហើយ។

អ្នកស្រី ចិន្តា ក្លេ ខៃ បានជម្រាបជូនពីគម្រោងរៀបចំជារាត្រី សមោសរ ដូចជារៀងរាល់ឆ្នាំ ដើម្បីប្រមូលមូលនិធិ ពីសប្បុរសជននានា សម្រាប់ទុកជួយទ្រទ្រង់ដល់ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា។

អ្នកស្រីបានលើកឡើងថា តាមរយៈគម្រោងនេះ ដោយសារបញ្ហា នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមការងារ គ្រោងមិនធ្វើជាកម្មវិធីពេលយប់ ដែលមានអ្នកចូលរួមច្រើននោះទេ ដោយប្តូរមកធ្វើពេលថ្ងៃវិញ ដើម្បីងាយស្រួល ក្នុងការរៀបចំសម្រាប់អ្នកចូលរួម ដោយរក្សាឱ្យមានគម្លាតគ្នា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អ្នកស្រី ចិន្តា ក្លេ ខៃ បានសម្ដែងនូវការអរគុណចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្រ្តីក្រសួងព័ត៌មាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ដូចជា សប្បុរសជននានា ដែលជានិច្ចកាលតែងបានជួយឧបត្តម្ភគាំទ្រ ដល់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ក្នុងការថែរក្សា និងការពារសត្វដំរី នៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្សនិង មានច្រើនបន្ថែមទៀតទៅថ្ងៃអនាគត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×