ភ្នំពេញ ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ សម្រេចបង់ថ្លៃទឹក ៣ខែ ជំនួស កម្មករ-កម្មការិនី សិស្ស-និស្សិត ដែលរស់នៅក្នុងតំបន់ក្រហម” ពោលគឺ ជួយបង់ជំនួសក្នុង ខែមីនា ខែមេសា និងខែឧសភា ឆ្នាំ២០២១ នេះ។

ការបង្ហាញទឹកចិត្តសប្បុរសធម៌ ចូលរួមជួយកម្មករ-កម្មការិនី សិស្ស-និស្សិតដែលកំពុងរងនូវការខ្វះខាត ហ៊ុមព័ទ្ធដោយវិបត្តិកូវីដ-១៩ និងការបិទខ្ទប់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩នេះ ធ្វើឡើងដោយ លោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដោយលោកបានផ្ដល់បទសម្ភាសន៍ ជូនក្រុមការងារព័ត៌មាន ផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ចុះផ្សាយនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ។

លោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបញ្ជាក់ថា ការធ្វើសប្បុរសធម៌បង់ថ្លៃទឹកជំនួសកម្មករ-កម្មការិនី សិស្ស-និស្សិត នេះ គឺនឹងធ្វើឡើងក្នុងរយៈពេលនៃការបិទខ្ទប់ ឬរយៈពេលដែលជាប់គាំង ព្រោះថា យើងមើលឃើញជាក់ស្ដែង គឺកម្មករ សិស្ស-ស្សិត ពិតជាជួបការលំបាកប្រាកដមែន ខ្វះថវិកាដោយមិនដឹងថា ទៅរកអ្វី ដើម្បីបានលុយ ព្រោះពួកគាត់ស្ថិតក្នុងតំបន់បិទខ្ទប់ ឬតំបន់ក្រហម? រីឯប្រាក់បៀវត្ស ក៏មិនទាន់ត្រូវបានបើកពីថៅកែ , ចំណែក រោងចក្រ សហគ្រាស ឬអាជីវកម្មដ្ឋានមួយចំនួន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ពោលគឺមិនទាន់បើកដំណើរការ ដើម្បីផ្ដល់ប្រាក់បៀរវត្សជូនកម្មករនៅឡើយ ដូច្នេះឃើញថា ពួកគាត់ជួបការលំបាកពិតប្រាកដ ដូច្នេះការឧបត្ថម្ភថ្លៃទឹក យើងនឹងធ្វើឡើងតាមដំណាក់កាលជាក់ស្ដែង និងជួយកម្មករ-កម្មការិនី សិស្ស-និស្សិតតាមស្ថានភាពជាក់ស្ដែង។

មុននេះបន្តិច ពោលគឺ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ រិះរកវិធីសាស្ត្រដើម្បីដោះស្រាយការបញ្ចុះតម្លៃទឹក ឬការលើកលែងបង់ថ្លៃទឹកដល់កម្មករ-កម្មការិនី សិស្ស-និស្សិត ដែលរងនូវខ្វះខាតថវិកាពិតប្រាកដក្នុងវិបត្តិកូវីដ-១៩ និងវិធានការបិទខ្ទប់នានា ដើម្បីផ្ដាច់ការចម្លងមេរោគកូវីដ-១៩នេះ , ឥឡូវ លោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ចេញមកប្រកាសថា មិនយកថ្លៃប្រើប្រាស់ទឹករបស់កម្មករ-កម្មការិនី សិស្ស-និស្សិត ដែលខ្វះខាតថវិកាពិតប្រាកដក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








