Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន​៖ ចាប់ពី​ថ្ងៃទី​៧-៩ ខែឧសភា កម្ពុជា​ទទួលបាន​ទេស​ចរ​ជិត ២​ម៉ឺន​នាក់​

​ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍​នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ចាប់ពី​ថ្ងៃទី​០៧-០៩ ខែឧសភា មាន​ចំនួន​សរុប ១៩,៧០៩ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៩,៤៩២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១៧ នាក់​។​ ជាមួយគ្នា​នោះ ឯកឧត្ដម​បណ្ឌិត​បាន​បង្ហាញ​ការកត់សម្គាល់​លើ​ចំណុច​សំខាន់ៗ​មួយចំនួន រួមមាន​៖

ភ្ញៀវទេសចរ ទោះបី​នៅមាន​ចំនួន​តិច​នៅ​ឡី​យ តែមាន​ការកើនឡើង​ខ្លះ​នៅតាម​គោលដៅ​នានា ពោលគឺ​បាន​កើន​ចំនួន​ប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀប​នឹង​រយៈពេល​មួយ​សប្តាហ៍​មុនពេល​បិទ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (​ដែល​ភ្ញៀវទេសចរ​មាន​ចំនួន​ត្រឹមតែ ៨,៩៦០ នាក់​)​។ ភ្ញៀវទេសចរ​ភាគច្រើន គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត ហើយ​ការដើរ​កម្សាន្ត​គឺ​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​។ ដោយឡែក ភ្ញៀវទេសចរ​ពី​ភ្នំពេញ និង​ខេត្តកណ្តាល មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ ដោយសារ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្នុង​តាខ្មៅ ទើបត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃទី​៦ ខែឧសភា​។​

​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ដែល​បាន​បើក​ដំណើរការ​ឡើងវិញ ភាគច្រើន​ជា​គោលដៅ​ដែលមាន​វិសាលភាព​ធំ​ទូលាយ ដែលមាន​ភាពងាយស្រួល​ក្នុងការ​រក្សា​គម្លាត​សង្គម ដូចជា​តំបន់​ប្រាសាទ​អង្គរ តំបន់ឆ្នេរ តំបន់​សហគមន៍​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សងព្រេង​ជាដើម ខណៈ​រមណីយដ្ឋាន​ដែលមាន​លក្ខណៈ​កែច្នៃ​បែប​ឯកជន​ភាគច្រើន ម្ចាស់​រមណីយដ្ឋាន​នៅ​មិនទាន់​បើក​ដំណើរ​ឡើងវិញ​ទេ ដោយនៅ​បន្ត​រង់​ចាំមើល​ការវិវត្ត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​មូលដ្ឋាន​ខេត្ត និង​ស្រុក​មួយចំនួន អាជ្ញាធរ​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ទេ អាស្រ័យ​លើ​ការវិវត្ត​ជាក់ស្តែង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ហើយ​គោលដៅ​ទេសចរណ៍​មួយចំនួន​បាន​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិនទាន់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅឡើយ​។​

គណៈបញ្ជាការ​ឯកភាព​ខេត្ត​មួយចំនួន​នៅ​បន្ត​ប្រយ័ត្នប្រយែង និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយមាន​ការដាក់​ប៉ុស្តិ៍​យាម​នៅតាម​ព្រំប្រទល់​ខេត្ត​មួយចំនួន ដើម្បី​សាកសួរ​ព័ត៌មាន និង​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩ (Rapid Test) ក្នុងករណី​សង្ស័យ​៕​

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×