ភ្នំពេញ ៖ យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែ នៃឆ្នាំ ២០២១ ក្រុមហ៊ុនវៀតណាម បានវិនិយោគទឹកប្រាក់ចំនួន ៥៤៥,៩លានដុល្លារ នៅក្នុងគម្រោងក្រៅប្រទេស ពោលគឺកើនឡើង ៧,៩ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ប្រទេសវៀតណាម មានគម្រោងវិនិយោគក្រៅប្រទេសមានសុពលភាពចំនួន ១៤១៧គម្រោង ដែលមានទឹកប្រាក់សរុប ២១,៨ពាន់លានដុល្លារ ភាគច្រើនក្នុងវិស័យរ៉ែ ដែលស្មើនឹង ៣៦ ភាគរយនៃមូលធនសរុប បន្ទាប់មកវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
សហរដ្ឋអាមេរិក ជាទិសដៅទី១ របស់វៀតណាមក្នុងរយៈពេលនេះ ដែលមានតម្លៃទឹកប្រាក់វិនិយោគចំនួន ៣០២,៣លានដុល្លារ ដោយកាន់កាប់ចំណែក ស្មើនឹង ៥៥,៤ភាគរយនៃវិនិយោគសរុប ខណៈប្រទេសកម្ពុជា ឈរនៅលំដាប់លេខរៀងទី ២ ដោយមានទឹកប្រាក់ ៨៩,១លានដុល្លារ បន្ទាប់មកគឺប្រទេសបារាំង, កាណាដា, អាល្លឺម៉ង់ និងហូឡង់។

ប្រភពដដែលខាងលើនេះ បានបង្ហាញថា មានគម្រោងថ្មីចំនួន ១៨ ទទួលបានវិញ្ញាបនប័ត្រវិនិយោគ ដែលមានដើមទុនចុះបញ្ជីសរុប ១៤២,៨លានដុល្លារកើនឡើង ២,៧ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមលើនេះ ថវិកាចំនួន ៤០៣,២លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងគម្រោងចំនួន ៩ ដែលមានចំនួន ២៥,៥ដង។
គួរបញ្ជាក់ថា ផ្នែកសំខាន់នៃលំហូរចេញមូលធន ក្នុងនោះទឹកប្រាក់ចំនួន ២៧០,៨លានដុល្លារ ត្រូវបានគេបញ្ចូលទៅក្នុងគម្រោងបច្ចេកវិទ្យា-វិទ្យាសាស្ត្រ ដែលមានចំនួន ១៩,៦ភាគរយនៃតួលេខសរុប ខណៈគម្រោងវិនិយោគផ្នែកលក់ដុំ និងរាយ មានទឹកប្រាក់ចំនួន ១៤៧,៨លានដុល្លារ៕ រក្សាសិទ្ធិដោយ៖CEN



