Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ការដើរកម្សាន្ត ភាគច្រើនគឺជាលក្ខណៈគ្រួសារ

ភ្នំពេញ ៖ វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យសំខាន់ៗជាច្រើន បានខិតខំ ជម្រុញគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីស្តារវិស័យនេះឱ្យប្រសើរឡើងវិញ ដោយលើកទឹកចិត្តទេសចរផ្ទៃក្នុង។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ ចំនួនទទួលបាននេះ ធ្វើឱ្យកម្ពុជា ទទួលបានភ្ញៀវទេសចរជិត២ម៉ឺននាក់។

ជាមួយគ្នានេះ បើទោះបីភ្ញៀវទេសចរ នៅមានចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀបនឹងរយៈពេលមួយសប្តាហ៍មុន ពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែ ៨,៩៦០ នាក់) ។ ភ្ញៀវទេសចរភាគច្រើន ជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តគឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើននៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់ថ្មីៗនេះ។

រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលបានបើកដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ មានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែលមានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើកដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តនៃជំងឺកូវីដ-១៩។

គួរកត់សម្គាល់ថា គោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួន អាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅឡើយទេ អាស្រ័យលើការវិវត្តជាក់ស្តែងនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយគោលដៅទេសចរណ៍មួយចំនួន បានបើកដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្តច្រើននៅឡើយ៕រក្សាសិទ្ធិដោយ៖CEN

×