ភ្នំពេញ ៖ រោងចក្រចម្រាញ់រ៉ែមាស រីណៃសេន មីនឺរ៉ល ខេមបូឌា (Renaissance Mineral Cambodia) របស់អូស្ត្រាលី នឹងចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួន នៅដើមត្រីមាសទី២ ឬចុងត្រីមាសទី២ ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ លោក យស មុនីរ៉ាត់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនអូស្ត្រាលី ដែលបានវិនិយោគរ៉ែមាស នៅតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងតែដំណើរការជាធម្មតាទេ គ្រាន់តែយឺតយ៉ាវខ្លះៗ ដោយសារតែជួបបញ្ហារាំងស្ទះមួយចំនួននៃវិធានការបិទខ្ទប់ជំងឺកូវីដ១៩។

លោក បានបន្តថា ក្រុមហ៊ុនដែលកំពុងដំណើរការស្វែងរុករករ៉ែមាស នៅតំបន់អូខ្វាវនោះ មានឈ្មោះថា រីណៃសេន មីនឺរ៉ល ខេមបូឌា លីមីតធីត គឺជាក្រុមហ៊ុនខ្នាតអន្តរជាតិមួយ ដោយមានការសហការរវាងអូស្រ្តាលី និងកាណាដា។
ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Emerald Resources ដែលមានមូលដ្ឋាននៅប្រទេស អូស្ត្រាលីនេះ ជឿជាក់ថា គម្រោងរ៉ែមាសអូរខ្វាវ អាច ផលិតមាសបានជាង ១០ម៉ឺនអោនស៍ ក្នុងមួយឆ្នាំ ជាមធ្យមដោយប្រតិបត្តិការរយៈពេល ៧ឆ្នាំ។

ឆ្នាំ ២០១៧កន្លងទៅនេះ ក្រុមហ៊ុនរុករករ៉ែអូស្រា្ដលី ដែលវិនិយោគគម្រោងរ៉ែមាសអូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី បានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់ (DFS ) របស់ខ្លួន ដោយបញ្ជាក់ពីការព្យាករពីកំណប់រ៉ែមាស ១,១៤លានអោនស៍ ក្នុងគម្រោងនេះ។ បច្ចុប្បន្ននេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក្នុង១អោនស៍ ថ្លៃប្រមាណ ១៨៣៤ដុល្លារ (១អោនស៍ ស្មើនឹងជាង ៨ជីមាស)។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ក្រសួងបានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែផ្សេងៗដល់ទៅចំនួនជិត ៤០អាជ្ញាប័ណ្ណ ដែលក្រុមហ៊ុនទាំងអស់នោះ បាន និងកំពុងតែស្វែងរុករករ៉ែគ្រប់ប្រភេទ ប៉ុន្តែមិនមែនសំដៅតែរុករ៉ែមាសសុទ្ធតែមួយមុខនោះទេ ពោលគឺក្រុមហ៊ុនទាំងនោះ កំពុងសិក្សាស្វែងរករ៉ែឧស្សាហកម្ម និងរ៉ែលោហៈ ជាពិសេសក្រុមហ៊ុនភាគច្រើន គឺកំពុងតែស្វែងរុករករ៉ែលោហៈ។ ទោះជាយ៉ាងណាអាជ្ញាប័ណ្ណ ដែលក្រសួងផ្តល់ឲ្យក្រុមហ៊ុនសម្រាប់វិនិយោគធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គឺមានចំនួនតិចតួចណាស់៕រក្សាសិទ្ធិដោយ៖CEN


