Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ កម្ពុជា​មាន​សង្គ្រាម បណ្តាលមកពី​ការជ្រៀតជ្រែក​ពី​បរទេស​

spot_img

ភ្នំពេញ​៖ សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ថា សង្គ្រាម​ជាច្រើន​ទសវត្សរ៍​នៅ​កម្ពុជា បណ្តាលមកពី​ការជ្រៀតជ្រែក​ពី​បរទេស​។ នៅក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា លោកស្រី រ៉ូ​ណាល់ ស្មី​ត អ្នករាយការណ៍​ពិសេស នៃ​អង្គការ​សហប្រជាជាតិ ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប លោកស្រី រ៉ូ​ណាល់ ស្មី​ត ថា កម្ពុជា ធ្លាប់​ទទួលរង​នូវ​ការឈឺចាប់ ខ្លោចផ្សារ ដោយសារ​សង្គ្រាម​ស៊ីវិល អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​។ ទាំងនេះ គឺជា​លទ្ធផល នៃ​ឥទ្ធិពល​ការជ្រៀតជ្រែក ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ “​កម្ពុជា​យើងខ្ញុំ ទើប​មាន​សុខ សន្តិភាព ស្ថេរភាព​ពេញលេញ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​បាន​បង្ក​លក្ខណៈសម្បត្តិ ឲ្យ​កម្ពុជា មានឱកាស​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ហើយ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ក៏​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​លោកស្រី និង​សហការី នា​ពេលកន្លងមក និង​ពេលបច្ចុប្បន្ន បាន​រួមចំណែក​ដល់​ការលើកកម្ពស់ សិទ្ធិមនុស្ស និង​ប្រជាធិប​តេយ្យ នៅ​កម្ពុជា​។ សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សិទ្ធិ​ទទួល​នូវ​កិច្ចការពារ ដោយ​ច្បាប់​ផ្សេងៗ ជាច្រើន​។ សម្តេច​បាន​មានប្រសាសន៍ថា ពិត​ណាស់​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស វា​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​និង​នីតិរដ្ឋ គឺ​ការគោរព​ច្បាប់ នេះឯង​។ ថ្វី​ត្បិត​តែ​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិ ជា​អ្នកធ្វើច្បាប់ តែ​មិន​អាច​ក្លាយជា​អ្នក​រំលោភ​ច្បាប់ បំពាន​ច្បាប់ នោះទេ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ពី​ជំហរ​កម្ពុជា ចំពោះមុខ​អ្នករាយការណ៍​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​ថា កម្ពុជា​ផ្តល់​សារៈសំខាន់ ជា​ចម្បង​លើ​ការរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម រួម​ទាំង​ការអភិវឌ្ឍន៍​។ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស រឹតតែ​មាន​សារៈសំខាន់ បន្ទាប់​ពី​ប្រទេស​ជាតិ មាន​នូវ​អ្វីៗ​ដូចខាងលើ​។ ប្រសិនបើ​ប្រទេស​ជាតិ ធ្លាក់​ក្នុង​ស្ថានភាព ដូច​បណ្តា​ប្រទេស​មួយចំនួន នៅ​មជ្ឈិមបូព៌ា កុំ​និយាយ​ឡើយ​ពី​សិទ្ធិមនុស្ស សូម្បី​តែ​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នៃ​ការរស់រានមានជីវិត ក៏​សឹងតែ​គ្មាន​ផង​។​

​លោកស្រី រ៉ូ​ណាល់ ស្មី​ត បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។ លោកស្រី បាន​​ឯកភាព​ថា សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​

​បន្ទាប់ពី​បាន​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រួចហើយ លោកស្រី រ៉ូ​ណាល់ ស្មី​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោកស្រី ឃួន សុ​ដា​រី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ នៃ​អ្នកនយោបាយ​ស្ត្រី តាម​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។​

​ជំនួប​ពិភាក្សា​នេះ សមាជិក​រដ្ឋសភា​បាន​ឆ្លើយតប​សំណួរ​មួយចំនួន​ដែល​បានលើកឡើង ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដូចជា​នីតិវិធី​ដំណើរ​ពិភាក្សា​និង​អនុម័ត​ច្បាប់​នៅក្នុង​រដ្ឋសភា ជាដើម​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×