Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត ១២​តោន ត្រូវនាំយកទៅ​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅ​ទីផ្សារ

​ភ្នំពេញ ៖ ក្នុង​បរិបទ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ជួបប្រទះ​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍ “​សហគមន៍ ២០​កុម្ភៈ​” ដោយមាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុង​ការបន្ត​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​អាល់កុល​ក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​អាល់កុល ដែល​កំពុង​ចរាចរ​ដាក់លក់ និង​ចែកចាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ​ជិត ១២​តោន ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពិធី​បំផ្លាញចោល​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ផងដែរ​។ សារធាតុ​មេ​តា​ណុល​ទាំងនេះ ត្រូវបាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រួត​ពិនិត្យឃើញ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុងដំណាក់កាល​ដែល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មានការ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល (Methanol) មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។ សារធាតុ​គីមី​មេ​តា​ណុល​គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​។​

​ជាថ្មី​ម្តងទៀត អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែលជា​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកប ដោយ​ការទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិត​ភាព ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន​។

​ជាមួយគ្នា​នោះ សូម​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់​ទាំងអស់ សូម​ពិនិត្យ​និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែ​ល យកមកប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។ ក្នុងករណី​មាន​សង្ស័យ​ជាយថាហេតុ ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល ឬ​មាន​ព័ត៌មាន​ពី​ការ​ស្តុក​ទុក ការ​ចរាចរ ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ សូម​ផ្តល់ព័ត៌ មាន មក​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×