Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​ត្រៀមខ្លួន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​២០២២ ឱ្យបាន​ជោគជ័យ​

(​ភ្នំពេញ​)៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​វីដេអូ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ នេះ​។​

​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​របៀបវារៈ​ចំនួន​៤ រួមមាន ១) មូលបទ និង​អាទិភាព​សម្រាប់​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ២)​ការត្រៀម​រៀបចំ​នូវ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ៣) ដំណើរការ​ប្រព្រឹត្តទៅ​នៃ​អនុគណៈកម្មការ​នីមួយៗ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង ៤) បញ្ហា​ផ្សេងៗ ដែល​ធ្វើឡើង​ដើម្បី​កម្ពុជា​ត្រៀមខ្លួន​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២​។​

​ជាការ​ចូលរួម លោក​រដ្ឋមន្ត្រី ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​គណៈកម្មការ​ជាតិ​នេះ និង​ជា​តំណាង​ឲ្យ​កម្ពុជា​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទទួលបន្ទុក​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បានលើកឡើង​ពី​ការត្រៀមខ្លួន​របស់​ក្រសួងពាណិជ្ជកម្ម ពិសេស​ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​កិច្ចការ​ក្រោម​សរសរ​ស្តម្ភ​សេដ្ឋកិច្ច​របស់​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលេច​ថា តាមរយៈ​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នឹង​កំពុង​ព​ន្លឿ​ន​នីតិវិធី​ក្នុងស្រុក​សម្រាប់​ឈានទៅ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​សមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០២០ កន្លងទៅ​។​

​ក្រៅពីនេះ ក្រសួង​ក៏បាន​នឹង​កំពុង​ជំរុញ​នីតិវិធី​សេសសល់ នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េខាងត្បូង ដើម្បី​ឈានទៅរក​ការចុះហត្ថលេខា​ឱ្យបាន​កាន់តែ​ឆាប់ មុននឹង​សម្រេច​បើក​ការចរចា​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងទៀត (​រួមមាន​ជប៉ុន ឥណ្ឌា​…) នៅពេល​ការសិក្សា​បានបញ្ចប់​។​

​ក្រសួង​ក៏បាន​នឹង​កំពុង​បង្កើត​ក្រុមការងារ​ថ្នាក់​ក្រសួង ដើម្បី​ត្រៀម​រៀបចំ​ផ្តល់​ជា​ធាតុ​ចូល​សំខាន់ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ជូន​ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្រាប់​ដាក់​ជា​ចំណុច​អាទិភាព និង​គំនិត​ផ្តួចផ្តើម​នានា​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​។​

​ជា​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទទួលយក​អនុសាសន៍​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដែលជា​ប្រធាន​អង្គប្រជុំ និង​បាន​ប្តេជ្ញា​ថា​នឹង​សហការ​តាម​គ្រប់​ម​ធ្យា​បាយ និង​ក្នុង​គ្រប់​កាលៈទេសៈ ដើម្បី​ធានា​សម្រេចបាន​នូវ​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២៕​

រក្សាសិទ្ធិដោយ ៖ CEN

×