Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ពិធី​ដាក់ឱ្យ​ដំណើរការ នូវ​ប្រព័ន្ធ​ទិន្នន័យ ស្ដីពី​សន្ធានកម្ម​ខ្សែសង្វាក់ ផ្គត់ផ្គង់​សំដៅ​ផ្តល់ កិច្ច​សម្រួល​វិនិយោគ សម្រាប់​អភិវឌ្ឍន៍​ចីរភាព​

ភ្នំពេញ​៖ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ពុធ ទី​១២ ខែឧសភា ឆ្នាំ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) បានរៀបចំ​ពិធី​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ស្ដីពី​សន្ធានកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់ កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព តាម​ប្រព័ន្ធ​វិ​ដេ​អូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក​បណ្ឌិត ម៉ា​ធូ ស្តេ​ហ្វិ​ន​សុន (Matthew Stephenson) នាយក​តោ​ល​នយោបាយ និង​សហគមន៍ នៃ​នាយកដ្ឋាន​វិ​និ​-​យោត និង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដោយមាន​ការចូលរួម ពី​តួអង្គ​ពាក់ព័ន្ធ រួមមាន តំណាង​ពី​ក្រសួង – ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​។​

​ឯកឧត្តម សុខ ចិន្តា​សោភា បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការចូលរួម​របស់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការ​ណ៍ដ៍​មាន​សារៈសំខាន់​នាពេលនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ថ្លែងអំណរគុណ​ចំពោះ​វេទិកា​សេដ្ឋកិច្ចពិភពលោក ជាពិសេស លោក​បណ្ឌិត ម៉ា​ធូ ស្តេ​ហ្វិ​ន​សុន ដែល​បាន​សហការ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​នេះ ដើម្បី​ផ្តល់នូវ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​សម្រួល​ដ​ល់ ការធ្វើ​សន្ធានកម្ម ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​រវាង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក និង​អ្នកវិនិយោគ ដោយ​ផ្តោតលើ​ការផ្តល់ កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព​។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បានស្នើ​សុំឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំង អស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ​ឱ្យបាន​ទូលំទូលាយ ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកវិនិយោគ និង​ក្រុមហ៊ុន​បរទេស​នឹង​មើលឃើញថា កម្ពុជា​កំពុង​បង្កើត​នូវ​បរិស្ថាន​វិ​និ​យោត​ដែល​ស្វាគមន៍​វត្តមាន របស់​ពួកគេ ខណៈ​ខិតខំ​ជំរុញ​ការវិនិយោគ​ដែលមាន​ទង្វើរ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន ចីរភាព​។​

​លោក​បណ្ឌិត ម៉ា​ធូ ស្តេ​ហ្វិ​ន​សុន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​ដោយបាន​ធ្វើការ​ជាមួយ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​តួអង្គ​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ដ៏​មាន​សារៈសំខាន់​នេះ​។ លោក​បណ្ឌិត បាន​បញ្ជាក់ថា ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ការ​វិ​និ​យោត​អនុលោម​តាម​គោលការណ៍ , សង្គម បរិស្ថាន , និង​អភិបាលកិច្ច (ESG) អាចដាក់​ការ​វិ​និ​យោត​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​កំពុង​ប្រតិបត្តិការ​ប្រកបដោយ​ចីរភាព ហើយ​ក្រុមហ៊ុន​កម្ពុជា​ដទៃទៀត​អាច​បង្វែរ​ការតម្រង់ទិស ប្រតិ បត្តិការ​ធុរកិច្ច​របស់ខ្លួន​ទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់តែច្រើន​ថែមទៀត ដើម្បី​ទាក់ទាញ​ការធ្វើ​ធុរកិច្ច​រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​បរទេស សំដៅ​លើកកម្ពស់​ការធ្វើ​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ តំបន់ និង​សកលលោក​។​

​សូមបញ្ជាក់ថា ការជ្រើសរើស​កម្ពុជា ជា​ដៃគូ​ពិភាក្សា​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក លើ​ការផ្តល់ កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺ​ឈរលើ​មូលដ្ឋាន​រឹងមាំ​របស់​កម្ពុជា​ដែល មាន​គោលនយោបាយ​បើកចំហរ​ដ៏​ប្រសើរ​ចំពោះ​ការវិនិយោគ​។ បន្ថែម​ពីលើ​នេះ មាន​មូលហេតុ​សំខាន់ៗ ចំនួន​បី ដែល​វេទិកា​សេដ្ឋកិច្ចពិភពលោក​សម្រេច​ជ្រើស​យក​កម្ពុជា ជា​ដៃគូ​ក្នុង​ដំណើរការ​នេះ​គឺ​(១ ) កម្ពុជា សម្រេចបាន​នូវ​ភាពជោគជ័យ​ដ៍​ធំធេង​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ក្នុង​កំណើន​គួរឱ្យ មោទនៈ​ជា​មធ្យម​ប្រមាណ​ជាង ៥០% ចាប់ពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ន ហើយ​វិធាន​ការផ្តល់​កិច្ច សម្រួល​វិនិយោគ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​នូវ​ជោគជ័យ​នេះ​។ (២) ខណៈពេល ដែល​កម្ពុជា​ត្រូវការ​ការអភិវឌ្ឍ​ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ ៧% តាំងពី​ឆ្នាំ ២០១១​មក បទពិសោធន៍​របស់​ក​ម្ពុ​ជា ក្នុងការ​ធ្វើ​អា​នុ​ភាវូបនីយកម្ម​ការវិនិយោគ​សម្រាប់​ការអភិវឌ្ឍ​អាច ជួយ​ប្រទេស​ផ្សេងទៀត​ក្នុងការ​រៀនសូត្រ​ពី​ជ្រុង​សំខាន់ៗ​នៃ​ការអភិវឌ្ឍ​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​វិនិយោគ នៅ​កម្ពុជា​។ (៣) កម្ពុជា បាន​ក្រសោប​យក​នូវ​កិច្ចសហការ​ធ្វើការ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​។ វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ កាលពី ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាងសកម្ម​ពី​រាជរដ្ឋាភិបាល​សម្រាប់​កិច្ចសហការ គ្នា​រវាង​រដ្ឋ​និង​ឯកជន ក្នុងការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​បន្ថែមទៀត​ដែល​ប្រការនេះ​គឺ​ស្របគ្នា​នឹង បេសកកម្ម​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​។ ឈរលើ​មូលដ្ឋាន​ខាងលើនេះ វេទិកា​សេដ្ឋកិច្ចពិភពលោក និង​កម្ពុជា បានធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​នូវ​របកគំហើញ​និង​ឧ​ត្ត​មា​នុ​វត្ត​ស្តីពី​ការផ្តល់​កិច្ច​សម្រួល វិនិយោគ ជាពិសេស ដំណើរការ​នៃ​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់ កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម ពិភពលោក និង​ក្របខណ្ឌ​តំបន់​ដទៃទៀត​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×