Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យ ដែលសម្រួលដល់ការ វិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព

ភ្នំពេញ៖ កម្ពុជា បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែសង្វាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួល វិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។ ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២១ ដោយមានកិច្ចសហការគ្នារវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវេទិកាសេដ្ឋកិច្ចពិភព លោក ដែលមានឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន នាយកគោលនយោបាយ និងសហគមន៍នៃនាយកដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ថា ការសហការគ្នារៀបចំប្រព័ន្ធទិន្នន័យនេះ ដើម្បីផ្តល់នូវថ្នាល បច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្រួលដល់ការធ្វើសន្ធានកម្មខ្សែច្រវ៉ាក់ អ្នកផ្គត់ផ្គង់ រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន បានឱ្យដឹងថា ក្រុមហ៊ុនបរទេស ដែលចង់ស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍បរិស្ថាន, សង្គម និងអភិបាលកិច្ច អាចដាក់វិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជា ដទៃទៀត ក៏អាចស្វែងរកការតម្រង់ទិសប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែច្រើនថែមទៀតដែរ ដើម្បីទាក់ទាញ ការធ្វើធុរៈកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

គួរបញ្ជាក់ថា ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលការណ៍នយោបាយបើកចំហរដ៏ប្រសើរចំពោះការវិនិយោគ៕
រក្សាសិទ្ធិដោយ៖CEN

×