ភ្នំពេញ ៖ យោងតាមទិន្នន័យ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១នេះ ការនាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃជាទឹកប្រាក់ ជាង ១៤៩៦ លានដុល្លារអាមេរិក កើនឡើងក្នុងរង្វង់ ២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

របាយការណ៍ដ៏ដែលនេះ បានឱ្យដឹងទៀតថា ការនាំចេញនេះ គឺស្មើនឹងប្រមាណ ៤០ភាគរយ នៃការនាំចេញផលិតផល សរុបទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ទីផ្សារសហគមន៍អឺរ៉ុប, ចក្រភពអង់គ្លេស ទីផ្សារអាស៊ាន ទីផ្សារជប៉ុន និង ការនាំចេញទៅកាន់ទីផ្សារផ្សេងៗមួយចំនួនទៀតនៅលើពិភពលោក។
ក្រៅពីការនាំចេញមុខទំនិញខាងលើ កម្ពុជាក៏បាននាំចេញ លើមុខទំនិញមួយចំនួនទៀត ដែលទំហំទឹកប្រាក់កើនឡើង ខ្ពស់ដែរ ដូចជា ការនាំចេញទោចក្រយាន(កង់) គ្រឿងសង្ហារឹម អំពូលអគ្គិសនី ខ្សែចម្លង អគ្គិសនី និងក្ដារកុងប្លាកេ ជាដើម។

មន្រ្តីរដ្ឋាភិបាល បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលមានកំណើនល្អ ដូចនេះ គឺ បានកើតចេញពីការខិតខំ បន្តអនុវត្តលើគោលការណ៍ផ្សេងៗ នៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាដើម រួមជាមួយជឿទុកចិត្តពីអ្នកបញ្ជាទិញ ព្រោះកម្ពុជាបានបង្ហាញថា កម្ពុជា អាចផ្គត់ផ្គង់ទំនិញបានទាន់ពេល និងគ្រប់ចំនួនតាមការបញ្ជាទិញ ហើយជាពិសេសក្នុងពេលកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវឲ្យក្រុមហ៊ុនបញ្ជាទិញ សូមកុំបញ្ឈប់ការបញ្ជាទិញ និងសូមបន្តការបញ្ជាទិញ ទំនិញពីកម្ពុជាទៀតផង។
គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលនាំចេញទៅកាន់ទីផ្សារអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរគ្រប់ប្រភេទ ៕ រក្សាសិទ្ធិដោយ៖CEN


