ភ្នំពេញ ៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ PPLCនេះ នឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមាន ប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេស វានឹង ក្លាយជាកម្លាំងចលករប្រកបដោយសក្កានុពល ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើប ស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យ លើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ពីការចូលរួមចំណែក យ៉ាងសំខាន់របស់គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារកម្មជាតិទាំងមូល របស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារ ឡើងវិញនៃ សេដ្ឋកិច្ចនៅកម្ពុជា។
ការលើកឡើងបែបនេះ គឺនៅក្នុងជួបពិភាក្សាការងារតាមប្រព័ន្ធវីឌីអូរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជាមួយនិងលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។
លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ PPLC និងបានសំដែងនូវកង្វល់ចំពោះ ការរីករាល ដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅកម្ពុជា ក៏ដូចជាផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក៏ដូចជា បណ្តាខេត្តដទៃទៀត ដើម្បីឈានដល់ការគ្រប់គ្រង និងការកំណត់តំបន់គោលដៅភូមិសាស្ត្រ ដែលមានការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ កម្រិតមធ្យម និងកម្រិតស្រាល រហូតដល់អាចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅនៃខេត្តកណ្ដាល ជាបណ្ដើរៗ នូវគោលដៅភូមិសាស្ត្រនានា ដែលបានវាយតម្លៃរួចនាពេលបច្ចុប្បន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា-សឹង្ហបុរី កន្លងមក និងនាពេលអនាគត ជាពិសេសក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយលើកទឹកចិត្តសិង្ហបុរីជំរុញ និងបង្កើន ការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា បើតាមមន្ត្រីរដ្ឋាភិបាល មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើក កម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ៕
រក្សាសិទ្ធិដោយ៖CEN

